Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលមណ្ឌលសុខភាពស្តីពី សេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦

ខេត្តពោធិ៍សាត់៖ ថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារគ្រូបង្គោលថ្នាក់ជាតិពង្រឹងសមត្ថភាពសង្គ្រោះបន្ទាន់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមណ្ឌលសុខភាពស្តីពី សេវាសង្គ្រោះបឋម និងនីតិវិធីស្តង់ដាប្រព័ន្ធបញ្ជូនអ្នកជំងឺ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ក្នុងការផ្តល់សេវាសង្គ្រោះបឋម និងការអនុវត្តនីតិវិធីស្តង់ដា នៃប្រព័ន្ធបញ្ជូនអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងទាន់ពេលវេលា។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗដល់សិក្ខាកាមទាំងអស់ រួមមាន៖
១)ខិតខំយកចិត្តទុកដាក់រៀនសូត្រ ក្រសោបយកចំណេះដឹង និងបទពិសោធន៍ថ្មីៗពីក្រុមគ្រូបង្គោលថ្នាក់ជាតិ។
២)ពិនិត្យ និងអភិវឌ្ឍខ្លួនឯង ដោយវាយតម្លៃលើចំណុចខ្លាំង និងចំណុចខ្វះខាតកន្លងមក ដើម្បីរៀបចំផែនការអភិវឌ្ឍន៍ការងារ។
៣)ត្រួតពិនិត្យ និងរៀបចំផែនការបំពាក់ឧបករណ៍ប្រើប្រាស់ចាំបាច់នៅកន្លែងធ្វើការ។
៤)ពង្រឹងវិន័យ និងក្រមសីលធម៌ រៀបចំអនាម័យ ស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ និងប្រកាន់ខ្ជាប់នូវឥរិយាបទថ្លៃថ្នូរ។
៥)ផ្តល់សេវាដោយក្តីមេត្តាករុណា ជាពិសេសក្នុងស្ថានភាពសង្គ្រោះបន្ទាន់ ត្រូវធ្វើការងារជាក្រុម មានការប្រុងប្រយ័ត្ន និងអនុវត្តឱ្យបានលឿនប្រកបដោយសុវត្ថិភាព។
៦)អនុវត្តស្តង់ដារបញ្ជូនអ្នកជំងឺ ដោយក្រុមការងារត្រូវមានឯកសណ្ឋាន និងសម្ភារគ្រប់គ្រាន់ រួមដំណើរជាមួយអ្នកជំងឺជានិច្ច និងជូនដំណឹងជាមុនទៅមន្ទីរពេទ្យទទួល។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា វិជ្ជាជីវៈសុខាភិបាលទាមទារការរៀនសូត្រជាប្រចាំ ដូច្នេះមន្ត្រីទាំងអស់ត្រូវបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងជានិច្ច ទាំងការសិក្សាដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។ បន្ទាប់ពីវគ្គនេះ ក្រុមគ្រូបង្គោលថ្នាក់ជាតិនឹងចុះវាយតម្លៃផ្ទាល់នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យ លើការអនុវត្តការងារសង្គ្រោះ និងនីតិវិធីបញ្ជូនអ្នកជំងឺ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយផ្ដោតលើការធ្វើបទបង្ហាញទ្រឹស្តីចំនួន ២ថ្ងៃ និងការអនុវត្តជាក់ស្តែងលើម៉ានីកាំងចំនួន ១ថ្ងៃ។ ពិធីបើកវគ្គនេះមានការអញ្ជើញចូលរួមពី តំណាងនាយកដ្ឋានសេវាសុខភាព មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ មន្ទីរពេទ្យខេត្តពោធិ៍សាត់ ក្រុមគ្រូបង្គោលថ្នាក់ជាតិ និងក្រុមសម្របសម្រួលពីការិយាល័យគិលានុបដ្ឋាក និងឆ្មប ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១០៤ រូប មកពីមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាពនានាក្នុងខេត្តពោធិ៍សាត់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image