ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដែលសម្របសម្រួលដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីតំណាងទីភ្នាក់ជាតិបញ្ជាក់ចំណាយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងប្រកាសអន្តរក្រសួង ស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព»។
កិច្ចប្រជុំនេះ ធ្វើឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក ការពង្រឹងប្រព័ន្ធគាំពារសង្គម និងបរិវត្តកម្មឌីជីថល ជាសសរស្តម្ភ និងជាកាតាលីករគន្លឹះក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
តាមរយៈការរៀបចំប្រកាសអន្តរក្រសួងនេះ នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗរួមមាន៖
១.ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ក្នុងការផ្ទៀងផ្ទាត់ និងទូទាត់ថ្លៃសេវាវេជ្ជសាស្ត្រ ជូនភាគីផ្តល់សេវាសុខាភិបាល តាមប្រព័ន្ធកំណត់ត្រាវេជ្ជសាស្ត្រអេឡិចត្រូនិក (EMR)
២.បម្រើសេវាថែទាំ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ជាពិសេសអត្ថគាហកៈនៃរបបសន្តិសុខសង្គម ឱ្យកាន់តែឆាប់រហ័ស ងាយស្រួល និងមានគុណភាពខ្ពស់ ស្របតាមពិធីសារព្យាបាលជាតិ របស់ក្រសួងសុខាភិបាល
៣.កាត់បន្ថយការចំណាយ ពេលវេលា និងលុបបំបាត់របាំងរដ្ឋបាលស្មុគស្មាញ ក្នុងការទាមទារ និងបញ្ជាក់ចំណាយសេវាវេជ្ជសាស្ត្រ ជូនមូលដ្ឋានសុខាភិបាល
៤.លើកកម្ពស់ និងការពារសិទ្ធិសម្រេចចិត្តខាងបច្ចេកទេសវេជ្ជសាស្ត្រ និងកិត្តិយសរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ក្នុងការផ្តល់សេវាថែទាំ ជូនប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត។
នេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងពិតប្រាកដ របស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់ប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ និងជាការបង្ហាញពីការគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាព និងកិច្ចគាំពារសង្គមជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។