ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ នៃក្រុមហ៊ុន United Imaging Healthcare (UIH) ដែលដឹកនាំដោយ Dr. Al Zhang អគ្គនាយក (CEO) នៃក្រុមហ៊ុន UIH ព្រមទាំងមានការចូលរួមពី Mr. Stephen Zhou អគ្គនាយកគ្រប់គ្រងអាជីវកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ និង Mr. Ken Bae អគ្គនាយកក្រុមហ៊ុន UIH ប្រចាំកម្ពុជា។
ក្នុងឱកាសនេះ តំណាងក្រុមហ៊ុន UIH បានធ្វើការណែនាំ និងបង្ហាញអំពីបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗចុងក្រោយបង្អស់ របស់ខ្លួន រួមមានបច្ចេកវិទ្យារូបភាពវេជ្ជសាស្ត្រកម្រិតខ្ពស់ (Advanced Medical Imaging), Molecular Imaging, បច្ចេកវិទ្យាវិទ្យុសកម្មព្យាបាល (Radiotherapy) និងដំណោះស្រាយសុខាភិបាលឌីជីថល (Digital Healthcare Solutions)។ ជាមួយគ្នានេះដែរ ភាគីក្រុមហ៊ុន UIH បានជម្រាបជូនអំពីសំណើរផែនការ ក្នុងការចូលរួមសហការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងពង្រឹងសមត្ថភាពនៅកម្ពុជា។
ជំនួបពិភាក្សានេះ ក៏បានផ្តោតសំខាន់លើការផ្លាស់ប្តូរទស្សនទានរវាងក្រសួងសុខាភិបាល និងក្រុមហ៊ុន UIH អំពីទិសដៅអាទិភាពនៃការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា ព្រមទាំងការស្វែងរកកិច្ចសហប្រតិបត្តិការរួមមាន៖
1)ការអនុវត្តគ្លីនិក (Clinical Applications)
2)ការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល (Training)
3)ការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ (Technology Transfer)។
ភាគីទាំងពីរបានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីពិនិត្យលទ្ធភាពជាក់ស្តែងក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងការនាំយកបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ មកបម្រើសេវា ជូនប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងសមធម៌។