Cambodia
ព័ត៌មានលំអិត

Image
ក្រសួងសុខាភិបាល និងអង្គការ UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា។

ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រីវេជ្ជបណ្ឌិត Maha Damaj តំណាងថ្មីនៃអង្គការ UNICEF ប្រចាំកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រីវេជ្ជបណ្ឌិត ក្នុងឱកាសចាប់ផ្តើមបំពេញបេសកកម្មថ្មី នៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះភាពជាដៃគូដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់រវាងក្រសួងសុខាភិបាល និងអង្គការ UNICEF ដែលបានបន្តតាំងពីឆ្នាំ១៩៩៣ មក។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការគាំទ្ររបស់អង្គការ UNICEF ដល់វិស័យសុខាភិបាលកម្ពុជា ជាពិសេសការផ្តល់ជំនួយបច្ចេកទេស និងថវិកាសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ-១៩ ការផ្គត់ផ្គង់បរិក្ខារសុខាភិបាលថ្មី ព្រមទាំងការគាំទ្រគម្រោងមូលនិធិអាហារូបត្ថម្ភកុមារ (ឆ្នាំ២០២៤-២០២៨)។

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្រោមកម្មវិធី UNICEF ប្រចាំកម្ពុជា ឆ្នាំ២០២៤-២០២៨ ដោយផ្តោតលើវិស័យអាទិភាពសំខាន់ៗចំនួន ៦ រួមមាន៖

១. អាហារូបត្ថម្ភ (SUN)៖ ពន្លឿនការកែលម្អអាហារូបត្ថម្ភរបស់មាតា និងកុមារ។

២. សុខភាពមាតា ទារក និងកុមារ៖ ពង្រឹងសេវាថែទាំសុខភាពនៅតំបន់ដាច់ស្រយាល ជាពិសេសនៅតាមបណ្តាខេត្តភាគឦសាន។

៣. បរិវត្តកម្មឌីជីថល៖ ពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល DHIS2 និងប្រព័ន្ធចាក់ថ្នាំបង្ការអេឡិចត្រូនិក។

៤. ការចាក់ថ្នាំបង្ការ និងសមធម៌៖ បន្តស្វែងរក និងផ្តល់សេវាចាក់វ៉ាក់សាំងដល់កុមារដែលមិនទាន់បានទទួលវ៉ាក់សាំងសោះ (Zero-dose)។

៥. ប្រព័ន្ធសហគមន៍៖ ពង្រឹងតួនាទីក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) ក្នុងការផ្តល់ និងលើកកម្ពស់សេវាថែទាំសុខភាពបឋមនៅមូលដ្ឋាន។

៦. សុខភាពបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រួមបញ្ចូលការប្រើប្រាស់ប្រព័ន្ធថាមពលព្រះអាទិត្យ នៅក្នុងវិស័យសុខាភិបាល និងពង្រឹងការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រ ប្រកបដោយសុវត្ថិភាព។

ជាចុងក្រោយ ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈផែនការសកម្មភាពរួម (MOH-UNICEF Rolling Plan) ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល និងរួមចំណែកដល់ការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17

រូបភាព Gallery
1 / 1
Gallery image