ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារអប់រំ និងលើកកម្ពស់សុខភាព បានអញ្ជើញដឹកនាំ «កិច្ចប្រជុំក្រុមមន្ត្រីបង្គោលសម្រាប់ការងារអប់រំ និងលើកកម្ពស់សុខភាពលើកទី៣១» ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការរៀបចំសារអប់រំសុខភាព ដែលបានឯកភាពគ្នានៅកិច្ចប្រជុំលេីកទី៣០ និងពិភាក្សាផ្តល់យោបល់លើខ្លឹមសារនៃសារអប់រំសុខភាព ដែលបានធ្វេីបទបង្ហាញដោយមន្ត្រីបង្គោលនៃមជ្ឈមណ្ឌលជាតិ នាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅតាមរបៀបវារៈ ដូចតទៅ៖
១.ការធ្វើបទបង្ហាញផ្ទាំងសារអប់រំ (Poster) ស្ដីពី "ការប្រើប្រាស់ឱសថ" ដោយនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។
២.ការធ្វើបទបង្ហាញ ស្ដីពីសារអប់រំសុខភាពផ្លូវចិត្តជាទូទៅ ដោយនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន។
៣.ការធ្វើបទបង្ហាញនូវវីដេអូសារអប់រំសុខភាពស្ដីពី "ការថែទាំសុខភាពផ្លូវចិត្ត នៅតាមរោងចក្រ" ដែលផលិតដោយក្រុមការងាររដ្ឋសភាជាតិ សហការដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។
៤.ការធ្វើបទបង្ហាញសារអប់រំស្តីពី «ដឹងលេខសុខភាពរបស់អ្នក ដើម្បីជីវិតអ្នកមានសុខភាពល្អ» ដោយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព។
៥.ការបង្ហាញនូវសារអប់រំស្តីពី ការការពារជំងឺគ្រុនចាញ់កុំឱ្យត្រឡប់មកវិញ សារដាក់ក្នុងទូរស័ព្ទស្តីពីការការពារគ្រុនឈាម និងវីដេអូឃ្លីបនៃសារអប់រំស្ដីពី "ការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន HPV"។
កិច្ចប្រជុំខាងលើ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីបង្គោលសរុបចំនួន ២៦នាក់ មកពីនាយកដ្ឋានការពារសុខភាព នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ មជ្ឈមណ្ឌលជាតិផ្ដល់ឈាម មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន ព្រមទាំងតំណាងអង្គការដៃគូសុខាភិបាល អង្គការ UNICEF អង្គការ CHAI អង្គការ FHI-360 និងអង្គការ RACHA។