Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ពិនិត្យលើសេចក្តីព្រាង នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីផលប៉ះពាល់ នៃកម្តៅមកលើសុខភាព និងការផ្តល់សេវាថែទាំសុខភាព។

ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ មេគង្គវីយូ ថោវើ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ញើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ពិនិត្យលើសេចក្តីព្រាង នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីផលប៉ះពាល់ នៃកម្តៅមកលើសុខភាព និងការផ្តល់សេវាថែទាំសុខភាព។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីពិនិត្យ ប្រមូលធាតុចូល និងចែករំលែកបទពិសោធន៍ ដើម្បីកែសម្រួលលើ «សេចក្តីព្រាងនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) ស្តីពីផលប៉ះពាល់នៃកម្តៅមកលើសុខភាព និងការផ្តល់សេវាថែទាំសុខភាព» មានលក្ខណៈគ្រប់ជ្រុងជ្រោយអាចយកទៅអនុវត្តបានយ៉ាងមានប្រសិទ្ធភាពចាប់ពីថ្នាក់ជាតិ ដល់ថ្នាក់មូលដ្ឋាន។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា នីតិប្រតិបត្តិស្តង់ដារ ស្តីពីផលប៉ះពាល់នៃកម្តៅមកលើសុខភាព និងការផ្តល់សេវាថែទាំសុខភាពនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ សម្រាប់យកទៅអនុវត្តក្នុងគោលដៅសំខាន់ៗដូចខាងក្រោម៖
១)ការបង្កើតប្រព័ន្ធព្រមានជាមុន (Early Warning Systems) ដើម្បីផ្តល់ព័ត៌មានទាន់ពេលវេលាដល់សាធារណជន និងគ្រឹះស្ថានសុខាភិបាល អំពីហានិភ័យនៃរលកកម្តៅ។

២)ការកំណត់តួនាទី និងការទទួលខុសត្រូវ ឱ្យបានច្បាស់លាស់រវាងក្រសួង សេវាសុខាភិបាលសាធារណៈ អាជ្ញាធរដែនដី និងអង្គការសង្គមស៊ីវិល ក្នុងការឆ្លើយតបពេលមានអាសន្ន។

៣)ការត្រៀមលក្ខណៈ និងការឆ្លើយតបសង្គ្រោះបន្ទាន់ ពង្រឹងសមត្ថភាពមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងការទទួល និងព្យាបាលអ្នកជំងឺដែលរងផលប៉ះពាល់ពីកម្តៅខ្លាំង។

៤)ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការអប់រំ និងផ្សព្វផ្សាយពីវិធានការការពារខ្លួនឯង សារធាតុចិញ្ចឹម និងការថែទាំសុខភាពក្នុងរដូវក្ដៅ។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំដោយ នាយកដ្ឋានការពារសុខភាព សហការជាមួយអង្គការយូនីសេហ្វ (UNICEF) ដោយមានការចូលរួមពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាយកដ្ឋានពាក់ព័ន្ធ វិទ្យាស្ថានជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៦០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image