ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល អញ្ជើញជាអធិបតីក្នុងពិធីបើក សន្និសីទប្រចាំឆ្នាំលើកទី២២ របស់សមាគមសល្យសាស្ត្រកម្ពុជាផ្នែកជំងឺឆ្អឹង និងបាក់បែកឆ្អឹង (CSOT) នៅសណ្ឋាគារសុខា។
ឯកឧត្តមសាស្រ្តាចារ្យ បានសម្តែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ CSOT ដែលបានបន្តរួមចំណែកក្នុងការអភិវឌ្ឍវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក តាមរយៈការបណ្តុះបណ្តាល ការស្រាវជ្រាវ ការផ្លាស់ប្តូរចំណេះដឹង និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ថា សល្យសាស្ត្រឆ្អឹង និងបាក់បែក គឺជាផ្នែកដ៏សំខាន់ នៃប្រព័ន្ធសុខាភិបាល ដោយជំងឺឆ្អឹង ការបាក់បែក និងការរងរបួសនៃប្រព័ន្ធចលនា អាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព សមត្ថភាពធ្វើការ ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការអភិវឌ្ឍសមត្ថភាពអ្នកជំនាញក្នុងវិស័យនេះ គឺមានសារៈសំខាន់សម្រាប់ការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់ប្រជាជន។
ពាក់ព័ន្ធនឹងប្រធានបទ «នវានុវត្តន៍ និងឧត្តមភាព ក្នុងការព្យាបាល និងការថែទាំជំងឺ និងបាក់បែកឆ្អឹងនៅកម្ពុជា» ឯកឧត្តមសាស្ត្រាចារ្យបានលើកឡើងថា នវានុវត្តន៍ មិនមែនមានន័យត្រឹមតែការប្រើប្រាស់បច្ចេកវិទ្យា ឬឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែរួមមានការគិតថ្មី វិធីសាស្ត្រថ្មី ការអនុវត្តផ្អែកលើភស្តុតាង និងការស្វែងរកវិធីដែលល្អប្រសើរជាងមុនសម្រាប់អ្នកជំងឺ។ ចំណែកឯ ឧត្តមភាពវិជ្ជាជីវៈ គឺជាការប្តេជ្ញាចិត្តក្នុងការផ្តល់សេវាដែលមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងមនុស្សធម៌។
ឯកឧត្តមសាស្ត្រាចារ្យបានលើកទឹកចិត្តឱ្យសន្និសីទនេះក្លាយជាវេទិកាសម្រាប់ ការពិភាក្សា ការសួរ-ឆ្លើយ ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើតគំនិតថ្មីៗ ដែលអាចយកទៅអនុវត្តជាក់ស្តែងក្នុងការថែទាំអ្នកជំងឺ មិនមែនត្រឹមតែជាវេទិកាសម្រាប់ការបង្ហាញចំណេះដឹងប៉ុណ្ណោះទេ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់សារសំខាន់ដល់ គ្រូពេទ្យឯកទេសវ័យក្មេង វេជ្ជបណ្ឌិតកំពុងបន្តការសិក្សា និងអ្នកស្រាវជ្រាវ ឱ្យបន្តអភិវឌ្ឍខ្លួនតាមរយៈការរៀនសូត្រជាបន្តបន្ទាប់ ការអនុវត្តជាក់ស្តែង និងការប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវចំពោះអ្នកជំងឺ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរីកចម្រើននៃវិស័យសល្យសាស្ត្រឆ្អឹង និងបាក់បែក មិនអាចពឹងផ្អែកលើស្ថាប័ន ឬបុគ្គលណាមួយតែឯងបានឡើយ ប៉ុន្តែត្រូវការកិច្ចសហការរវាងសមាគមវិជ្ជាជីវៈ ស្ថាប័នបណ្តុះបណ្តាល មន្ទីរពេទ្យ អ្នកជំនាញ និងដៃគូជាតិ-អន្តរជាតិ ដើម្បីពង្រឹងការបណ្តុះបណ្តាល ការស្រាវជ្រាវ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍសេវាសុខាភិបាល។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យបានអំពាវនាវឱ្យសមាជិកវិជ្ជាជីវៈទាំងអស់បន្តរួមគ្នាលើកកម្ពស់ ចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ គុណភាព និងសុវត្ថិភាពអ្នកជំងឺ ដើម្បីឱ្យការរីកចម្រើននៃសល្យសាស្ត្រឆ្អឹង និងបាក់បែក ក្លាយជាកម្លាំងសំខាន់មួយក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ផងដែរថា សន្និសីទនេះមានការចូលរួមពីវាគ្មិនអន្តរជាតិល្បីៗចំនួន ១០នាក់ វាគ្មិនជាតិចំនួន ២០នាក់ និងអ្នកចូលរួមសរុបប្រមាណ ២៥០នាក់។