ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី ការគ្រប់គ្រងការឈឺចាប់ជាសារវន្ត ក្រោមប្រធានបទ៖ “វិធីសាស្ត្រពហុទម្រង់ក្នុងការគ្រប់គ្រងការឈឺចាប់ ដើម្បីជំនះបានរាល់ឧបសគ្គ័” ដែលរៀបចំដោយ សមាគមសណ្ដំ ប្រពោធនកម្ម និងសង្គ្រោះបន្ទាន់កម្ពុជា សហការជាមួយ សមាគមអន្តរជាតិសម្រាប់ការសិក្សាពីការឈឺចាប់ (IASP) នៅសណ្ឋាគារភ្នំពេញ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការឈឺចាប់ជាបញ្ហាសុខភាពដ៏សំខាន់ ដែលប៉ះពាល់ដល់សុខភាព គុណភាពជីវិត និងបង្កើនបន្ទុកដល់អ្នកជំងឺ គ្រួសារ និងប្រព័ន្ធសុខាភិបាល។ ដូច្នេះ ការសម្គាល់វាយតម្លៃ និងគ្រប់គ្រងការឈឺចាប់បានត្រឹមត្រូវ គឺជាផ្នែកសំខាន់នៃការថែទាំអ្នកជំងឺប្រកបដោយគុណភាព និងសុវត្ថិភាព។
ប្រធានបទ “វិធីសាស្ត្រពហុទម្រង់ក្នុងការគ្រប់គ្រងការឈឺចាប់ ដើម្បីជំនះបានរាល់ឧបសគ្គ” ផ្តោតលើការជំនះឧបសគ្គក្នុងការគ្រប់គ្រងការឈឺចាប់ តាមរយៈការរួមបញ្ចូល ការប្រើឱសថ ការព្យាបាលមិនប្រើឱសថ បច្ចេកទេសអន្តរាគមន៍ ការវះកាត់ ការស្តារនីតិសម្បទា ការគាំទ្រផ្លូវចិត្ត និងសង្គម និងកិច្ចសហការពហុវិជ្ជាជីវៈ។
កម្មវិធីវិទ្យាសាស្ត្របានផ្តោតលើមូលដ្ឋាន និងការអនុវត្តបច្ចុប្បន្ន វិធីសាស្ត្រអន្តរាគមន៍ និងការគ្រប់គ្រងការឈឺចាប់ ស្រួចស្រាវ រ៉ាំរ៉ៃ ការឈឺសរសៃប្រសាទ និងការឈឺចាប់ដោយជំងឺមហារីក ព្រមទាំង ERAS និងការគ្រប់គ្រងការឈឺចាប់ក្នុងកុមារ។ ការចែករំលែក និងពិភាក្សារវាងអ្នកជំនាញជាតិ និងអន្តរជាតិ បានផ្តល់ឱកាសដល់សិក្ខាកាមក្នុងការពង្រឹងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែង។
សិក្ខាសាលាមានគោលបំណងពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាលតាមគោលការណ៍ ការរកឃើញ ការវាយតំលៃ និងការព្យាបាលទាន់ពេល ព្រមទាំងការលើកកម្ពស់កិច្ចសហការពហុវិជ្ជាជីវៈ ដើម្បីធានាការគ្រប់គ្រងការឈឺចាប់ប្រកបដោយ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងផ្តោតលើអ្នកជំងឺ។ ឯកឧត្តមសាស្ត្រាចារ្យ បានសង្កត់ធ្ងន់ថា ការពង្រឹងសមត្ថភាពបច្ចេកទេសត្រូវផ្សារភ្ជាប់ជាមួយ ក្រមសីលធម៌វិជ្ជាជីវៈ និងជាផ្នែកមួយនៃការពង្រឹងសមត្ថភាពសណ្ដំ និងសង្គ្រោះបន្ទាន់នៅកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រជាតិស្តីពីសល្យសាស្ត្រ សម្ភព និងសណ្ដំ ឆ្នាំ២០២៦–២០៣៥ (NSOAP 2026–2035) ដើម្បីរួមចំណែកលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃការថែទាំអ្នកជំងឺនៅកម្ពុជា។