Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យវឌ្ឍនភាព និងពង្រឹងគុណភាព ការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព ក្នុងខេត្តកំពង់ស្ពឺ។

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី២៥ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យមើលវឌ្ឍនភាព និងពង្រឹងគុណភាព នៃការបម្រើសេវាសុខាភិបាល នៅមណ្ឌលសុខភាពចំនួន ០៤ ក្នុងខេត្តកំពង់ស្ពឺ។

បេសកកម្មនេះផ្តោតសំខាន់លើការជួយជំរុញការលើកកម្ពស់គុណភាព និងការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងក្នុងសហគមន៍ រាប់បញ្ចូលទាំងមណ្ឌលសុខភាព ដែលមានពិន្ទុស្តីពីគុណភាព នៅមានកម្រិតនៅឡើយ  ស្របតាមសេចក្តីណែនាំស្តីពី សំណុំសកម្មភាពអប្បបរមា សម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព (MPA Guidelines) និងគោលការណ៍នៃការជំរុញបង្កើនការងារថែទាំសុខភាពបឋម របស់ក្រសួងសុខាភិបាល។

នាឱកាសនៃការចុះពិនិត្យមើលការងារ និងឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្តល់ព័ត៌មាន និងអនុសាសន៍ត្រឡប់ជូនវិញផងដែរ ដែលក្នុងនោះរួមមានការបង្កើនការយកចិត្តទុកដាក់លើសេវាថែទាំសុខភាពជាអទិភាព ពិសេសសេវាជំងឺទូទៅ សេវាជំងឺមិនឆ្លង សេវាសុខភាពមាតា និងទារ ការចាក់ថ្នាំបង្ការ សេវាជំងឺឆ្លង និងការរក្សាអនាម័យល្អ ព្រមទាំងការយកចិត្តទុកដាក់លើគុណភាពសេវា ធ្វើឱ្យប្រជាជនមានទំនុកចិត្ត និងធានាឱ្យបាននូវការប្រចាំការសេវា ២៤ម៉ោង លើ២៤ម៉ោងឱ្យមាននិរន្តភាព ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានថ្លែងការកោតសរសើរ ជូនដល់មន្ត្រី បុគ្គលិកមណ្ឌលសុខភាពទាំងអស់ ដែលយកចិត្តទុកដាក់ និងខិតខំបម្រើសេវាថែទាំសុខភាព ជូនប្រជាជននៅក្នុងតំបន់របស់ខ្លួនបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា មណ្ឌលសុខភាពទាំង៤ នោះរួមមាន៖ មណ្ឌលសុខភាពត្រពាំងគង  មណ្ឌលសុខភាពត្រពាំងជោ មណ្ឌលសុខភាពអូរគគី និង មណ្ឌលសុខភាពជាស៊ីមឱរ៉ាល់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image