ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦
នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានជួបប្រជុំការងារជាមួយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨) នៃព្រឹទ្ធសភា ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានរបស់ក្រសួងសុខាភិបាល ក្នុងការអនុវត្តរយៈពេលកន្លងមក ក្នុងអាណត្តិទី៧ នៃរដ្ឋសភា (រយៈពេល ៣ឆ្នាំ ចាប់ពីឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៦) ព្រមទាំងទស្សនវិស័យ និងការកំណត់ទិសដៅយុទ្ធសាស្រ្ត ដើម្បីបន្តលើកកម្ពស់គុណភាព ប្រសិទ្ធភាព សុវត្ថិភាព សមធម៌ និងភាពធន់នៃប្រព័ន្ធសុខាភិបាលកម្ពុជា។
ឯកឧត្តមសាស្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចថា «សុខភាព មិនមែនគ្រាន់តែជាការគ្មានជំងឺទេ។ សុខភាពគឺជាសុខុមាលភាពរបស់មនុស្ស ជាកម្លាំងនៃគ្រួសារ ជាសាមគ្គីភាពនៃសហគមន៍ និងជាគ្រឹះនៃវិបុលភាពរបស់ជាតិ។» ការកសាងប្រព័ន្ធសុខាភិបាលរឹងមាំ គឺមិនមែនសម្រាប់តែព្យាបាលអ្នកជំងឺនៅថ្ងៃនេះទេ ប៉ុន្តែដើម្បីការពារសុខភាពប្រជាជន កាត់បន្ថយវិសមភាព ពង្រឹងមូលធនមនុស្ស និងកសាងសង្គមមួយដែលគ្រប់គ្នាអាចរស់នៅប្រកបដោយសុខភាព សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹម។ សុខភាពល្អរបស់ប្រជាជន គឺជាកម្លាំងរបស់គ្រួសារ ជាមូលធនរបស់សង្គម និងជាថាមពលសម្រាប់អនាគតរបស់ប្រទេសជាតិ។»
ក្រោមការដឹកនាំដ៏មុតមាំ ប្រកបដោយគតិបណ្ឌិត របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានកំណត់ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ជាគោលនយោបាយអាទិភាព ដោយផ្តោតលើការពង្រឹងសេវាសុខភាពបឋម ការលើកកម្ពស់គុណភាពសេវា ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសាធារណៈ និងឯកជន។
ក្រសួងសុខាភិបាលបានបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ និងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ឆ្នាំ២០២៤-២០៣៥ ដោយសម្រេចបានវឌ្ឍនភាពសំខាន់ៗ ក្នុងការពង្រីកលទ្ធភាពទទួលបានសេវាថែទាំសុខភាព ការពង្រឹងសេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីផ្តល់សេវាសុខភាព ២៤ម៉ោង ៧ថ្ងៃក្នុង ១សប្ដាហ៍ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពអ្នកជំងឺ ព្រមទាំងការពង្រឹងប្រព័ន្ធបញ្ជូន និងសង្គ្រោះបន្ទាន់។
ជាមួយគ្នានេះ ក្រសួងបានបន្តពង្រឹងកម្មវិធីសុខភាពអាទិភាព រួមមានការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង-ជំងឺឆ្លង សុខភាពមាតា ទារក និងកុមារ និងសុខភាពផ្លូវចិត្ត ក៏ដូចជាការឆ្លើយតបចំពោះការគំរាមកំហែងសុខភាពសាធារណៈ។ ទន្ទឹមនឹងនេះក្រសួងសុខាភិបាលបានបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ការពង្រឹងអភិបាលកិច្ច ការធ្វើឌីជីថលូបនីយកម្មប្រព័ន្ធសុខាភិបាល និងការធ្វើនិយតកម្មលើសេវាសុខាភិបាលឯកជន។
សម្រាប់ទិសដៅបន្ត ក្រសួងសុខាភិបាលនឹងផ្តោតលើការពង្រីកការគ្របដណ្តប់សេវាសុខភាពប្រកប ដោយគុណភាព ការពង្រឹងសមធម៌ និងការការពារហានិភ័យហិរញ្ញវត្ថុ ការអភិវឌ្ឍធនធានមនុស្ស និងសមត្ថភាពស្ថាប័ន ការពង្រឹងប្រព័ន្ធផ្គត់ផ្គង់ឱសថ បរិក្ខារ និងឧបករណ៍វេជ្ជសាស្ត្រ ព្រមទាំងការអភិវឌ្ឍទិន្នន័យ និងបរិវត្តកម្មឌីជីថល ដើម្បីបន្តជំរុញវឌ្ឍនភាពឆ្ពោះទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលនៅឆ្នាំ២០៣៥។
ជារួម កិច្ចប្រជុំពិភាក្សាបានបង្ហាញពីវឌ្ឍនភាព និងការប្តេជ្ញាចិត្តរបស់ក្រសួងសុខាភិបាល ក្នុងការបន្តកែលម្អប្រព័ន្ធសុខាភិបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងនៅកាន់តែជិតប្រជាពលរដ្ឋ ដើម្បីសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។