Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ការឯកភាព និងស្ថេរភាព ក្នុងកិច្ចការងាររួមតែមួយ ដោយប្រើប្រាស់ជំនាញផ្សេងៗគ្នា (l’unité dans la diversité) គឺរក្សានិរន្តភាពការងារ និងសម្រេចគោលដៅ។»

ថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងរៀបចំផែនការងារបន្តឱ្យកាន់តែប្រសើរ ប្រកបដោយនវានុវត្តន៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំជាមួយគណៈកម្មការទី៨ នៃព្រឹទ្ធសភា ដោយទទួលបានការវាយតម្លៃខ្ពស់លើសមិទ្ធផល និងវឌ្ឍនភាពរបស់វិស័យសុខាភិបាល និងមានការកោតសរសើរពីសមាជិកព្រឹទ្ធសភា។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ការទទួលស្គាល់នូវលទ្ធផលទាំងនេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល គ្រប់រូបជាពិសេស គឺបុគ្គលិកសុខាភិបាល នៅកម្រិតមូលដ្ឋានដែលបានអភិវឌ្ឍអង្គភាពរបស់ខ្លួន និងបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ។

នៅក្នុងកិច្ចប្រជុំ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកជូននូវអនុសាសន៍ណែនាំមួយចំនួន សម្រាប់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ដូចខាងក្រោម៖
១-ក្នុងស្ថានភាពបច្ចុប្បន្នដែលមានភ្លៀងបន្តធ្លាក់ខ្លាំងនេះ មូលដ្ឋានសុខាភិបាលគ្រប់កម្រិត ជាពិសេសមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត ស្រុក ត្រូវត្រៀមខ្លួនទុកជាមុនក្នុងការរៀបចំទីតាំងដែលមានសុវត្ថិភាព បង្ការទឹកជំនន់ រួមទាំងការទុកដាក់សម្ភារ បរិក្ខារ និងឧបករណ៍វេជ្ជសាស្រ្ត។

២-បុគ្គលិកសុខាភិបាលគ្រប់រូប ត្រូវបន្តក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ទោះក្នុងពេលមានទឹកជំនន់ក៏ដោយ ជាពិសេសនៅពេលមានតម្រូវការសុខភាព។

៣-ថ្នាក់ដឹកនាំអង្គភាព និងបុគ្គលិកសុខាភិបាល រៀបចំផែនការ និងត្រូវកំណត់ឱ្យបានច្បាស់លាស់ នូវមូលដ្ឋានសុខាភិបាលណា ដែលរងផលប៉ះពាល់ ឬប្រឈមនឹងការលិចលង់ និងគិតគូររៀបចំជាស្រេច។

៤-បុគ្គលិកសុខាភិបាល ត្រូវយកចិត្តទុកដាក់លើបញ្ហាសុខាភាពអ្នកជំងឺនៅមូលដ្ឋាន ជាពិសេសអ្នកជំងឺដែលប្រើថ្នាំជាប្រចាំ ទោះក្នុងស្ថានភាពណាក៏ដោយ។

៥-ត្រូវយកចិត្តទុកដាក់លើការអប់រំ ណែនាំអំពីការរក្សាអនាម័យ និងវិធានការបង្ការជំងឺឆ្លង ជំងឺមិនឆ្លងផ្សេងៗ ដូចជាគ្រុនឈាម រាគរូស ផ្តាសាយ ជាដើម។

៦-ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាព បន្តរាយការណ៍អំពីស្ថានភាព និងបញ្ហាប្រឈមនៅតាមមូលដ្ឋាន ព្រមទាំងការគាំទ្រការដោះស្រាយបញ្ហា ជាប្រចាំ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាលចាប់ពី រដ្ឋលេខាធិការ ដល់ប្រធានការិយាល័យ នៃទីស្តីការក្រសួងសុខាភិបាល និងប្រធានអង្គភាពថ្នាក់កណ្តាល មន្ទីរពេទ្យជាតិ ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត ដែលចូលរួមតាមប្រព័ន្ធ Zoom។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image