ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២៦
ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ និងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រោះមហន្តរាយក្រសួងសុខាភិបាល លោកស្រីអនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រធានOD ក្រុមការងារយុវជនខេត្ត អាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកជំនន់ អប់រំសុខភាព អនាម័យ ជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១ ៦៦៦ គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាពចំនួន ៩ទីតាំង។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋលេខាធិការ បានណែនាំឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសុខភាព ដោយត្រូវហូបស្អាត ផឹកស្អាត អនាម័យស្អាត រស់នៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដើម្បីចៀសឆ្ងាយពីការឆ្លងការជំងឺផ្សេងៗ និងជាពិសេសប្រុងប្រយ័ត្នចំពោះក្មេងតូចៗ កុំឲ្យលេងទឹក និងហែលទឹកផ្តេសផ្តាស និងបានបន្ថែមអំពីការប្រុងប្រយ័ត្នក្នុងពេលកំពុងមានទឹកជំនន់ ក្រោយពេលទឹកស្រក ត្រឡប់ទៅលំនៅស្ថានវិញ ព្រមទាំងបានផ្តល់ជូននូវសៀវភៅអប់រំអំពីប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្ត ដែលមានដូចជា៖ ១.មុនពេល ២. អំឡុងពេល ៣. ក្រោយពេលមានទឹកជំនន់ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យអាជ្ញាធរនៅមូលដ្ឋាន និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលនៅប្រចាំការនៅទីទួលសុវត្ថិភាព ត្រូវបន្តយកចិត្តទុកដាក់តាមដានសុខភាពបងប្អូនប្រជាពលរដ្ឋ ដើម្បីត្រៀមបង្ការជួយឱ្យទាន់ពេលវេលានូវរាល់បញ្ហាប្រឈម ដែលកើតឡើង ជាយថាហេតុ។