ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២៦
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃអង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំផែនទីបង្ហាញផ្លូវ សម្រាប់ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព នៅសណ្ឋាគារ សុវណ្ណភូមិ មុន្នី ខេត្តកំពង់ឆ្នាំង។
សិក្ខាសាលាពិគ្រោះយោបល់ រយៈពេល ២ ថ្ងៃនេះ មានគោលបំណងដូចខាងក្រោម៖
១.ប្រមូលធាតុចូល និងអនុសាសន៍សំខាន់ៗពីភាគីពាក់ព័ន្ធ សម្រាប់ការរៀបចំផែនទីបង្ហាញផ្លូវ
២.ពិនិត្យ ពិភាក្សា និងផ្តល់មតិយោបល់លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព
៣.ឯកភាពលើយុទ្ធសាស្ត្រអាទិភាព និងផែនការសកម្មភាពសំខាន់ៗ ដើម្បីអនុវត្តន៍ផែនទីបង្ហាញផ្លូវ ប្រកបដោយប្រសិទ្ធភាព
៤.ពង្រឹងកិច្ចសហការ និងការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្ត ការគ្រប់គ្រងសំណល់ពីសេវាថែទាំសុខភាព ប្រកបដោយប្រសិទ្ធភាព និងគុណភាព។
សូមបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសុខាភិបាល តំណាងក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងរ៉ែ និងថាមពល តំណាងអង្គការ UNICEF មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត សរុបចំនួន ៥០នាក់។