ថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៧៖ សុខាភិបាល សម្រាប់ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងការកំណត់ទិសដៅសំខាន់ៗ ដែលជាយន្តការសម្រាប់ទប់ស្កាត់មិនឱ្យមានការនាំចូល នៃជំងឺឆ្លងនានា។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើវឌ្ឍនភាព នៃការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ត្រៀមឱ្យអនុវត្ត និងការត្រៀមរៀបចំផ្នែកផ្សេងៗរួមមាន៖ សម្ភារៈបរិក្ខារពេទ្យ ឱសថ និងការគ្រប់គ្រងរថយន្តគិលានសង្គ្រោះបន្ទាន់ សម្រាប់ត្រៀមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ក្នុងនេះដែរ លោកជំទាវរដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការទី៧ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាក្នុងអង្គប្រជុំទាំងអស់ ដែលបានចូលរួមក្នុងការពិភាក្សា និងផ្តល់ធាតុចូលសំខាន់ៗ ដើម្បីឱ្យ SOP កាន់តែល្អប្រសើរ ព្រមទាំងផ្តល់អនុសាសន៍សំខាន់ៗ និងសូមក្រុមការងារ បន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ត និងរៀបចំការងារនីមួយៗឱ្យបានរួចរាល់ទៅតាមពេលវេលាដែលបានកំណត់។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិកសមាជិកា នៃអនុគណៈកម្មការទី៧ និងតំណាងមន្ទីសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ មន្ទីរសុខាភិបាលនៃរដ្ឋបាលេខេត្តកណ្តាល តំណាងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ តេជោ អាកាសចរណ៍ស៊ីវិល នគរបាលអន្តោរប្រវេសន៍ ការិយាល័យគយនិងរដ្ឋាករ និងតំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom) ។