ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អុឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួល ពង្រឹង គុណភាព ថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី បានអញ្ជើញដឹកនាំកិច្ចប្រជុំ របស់គណៈកម្មការសម្របសម្រួលពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាលភាពមាតា ទារក កុមារ និងរោគស្រ្តី ក្នុងគោលបំណងដើម្បីពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា និង ទារក និងការ កាត់បន្ថយអត្រាមរណភាពមាតា និងទារកទើបនឹងកើត។
ជាកិច្ចចាប់ផ្តើម លោកជំទាវសាស្រ្តាចារ្យបានរំលឹកពីគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលក្នុងការពង្រឹងសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលក្នុងនោះការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា កុមារ និងអាហារូបត្ថម្ភជាគន្លឹះចម្បង។
កិច្ចប្រជុំនេះ បានបង្ហាញ និងពិភាក្សាអំពី៖ (១)វឌ្ឍនភាពនៃកិច្ចការរបស់គណៈកម្មការសម្របសម្រួលពង្រឹងគុណភាពថែទាំ ព្យាបាល សុខមាល ភាពមាតា ទារក កុមារ និងរោគស្រ្តី (២)លទ្ធផលនៃការវិភាគនៃមរណភាពមាតា និងទារកជ៉ំវិញកំនើត ឆមាសទី១ (៣)វឌ្ឍនភាព ANC color coding (៤)វឌ្ឍនភាព Light Assessment Tools (៥)វឌ្ឍនភាពក្រុមការងារបច្ចេកទេសសម្រាប់ Newborn Guideline (៦)លទ្ធផលនៃការអនុវត្ត E-MOTIVE Bundle និង (៧)វឌ្ឍនភាពនៃការស្រាវជ្រាវជំងឺមហារីកមាត់ស្បូន។
លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានក្រើនរំលឹកពីតួនាទីយ៉ាងសំខាន់របស់ MPDSR ដែលជាការងារគន្លឹះ និងជាកញ្ចក់ឆ្លុះបញ្ចាំងពីគុណភាពសេវា និងសុវត្ថិភាពអ្នកជំងឺនៅមូលដ្ឋានសុខាភិបាល។ តាមរយៈយន្តការណ៍ MPDSR (ការវិភាគ និងផែនការសកម្មភាព) លោកជំទាវបានផ្តល់អនុសាសន៍៖ (១)ការពង្រឹងការធ្វើចំណាត់ថ្នាក់ហានិភ័យដោយប្រើ Color coding (២)ការពង្រឹងការតាមដានពេលសម្រាលដោយប្រើប្រាស់ Partograph (៣)ការពង្រឹងការសង្រ្គោះម្តាយ និងទារក តាមរយៈការបណ្តុះបណ្តាល EmONC និងតាមរយះការចងក្រង Newborn Guideline ថ្នាក់ជាតិ។
កិច្ចប្រជុំនេះមានការចូលរួមពី គណៈកម្មការសម្របសម្រួល ពង្រឹងគុណភាព ថែទាំ ព្យាបាល សុខមាល ភាពមាតា ទារក កុមារ ដៃគូអភិវឌ្ឍន៍រួមមាន UNFPA WHO UNICEF JICA KOFIH JHPIEGO ថ្នាក់មន្ទីរសុខាភិបាល ថ្នាក់មន្ទីរពេទ្យ សរុប ចូលរួមផ្ទាល់ចំនួន ៥៦រូប និងតាមប្រព័ន្ធ Zoom ចំនួន ២៥រូប។