ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូ សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ដឹកនាំដោយ លោក Tang Sangheng ប្រធានសមាគម និងសហការី។
ជំនួបនេះមានគោលបំណងពិភាក្សាអំពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-រុស្ស៊ីក្នុងវិស័យសុខាភិបាល ព្រមទាំងស្វែងរកលទ្ធភាពសហការជាមួយ GAZ Group លើការផ្គត់ផ្គង់ និងការដំឡើង/ផលិតយានយន្តដឹកអ្នកដំណើរ រថយន្តសង្គ្រោះ និងយានយន្តពាណិជ្ជកម្ម សម្រាប់បម្រើតម្រូវការនៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានស្វាគមន៍ប្រតិភូ និងថ្លែងអំណរគុណចំពោះការចាប់អារម្មណ៍របស់សមាគម ក្នុងការស្វែងយល់អំពីតម្រូវការ និងអាទិភាពរបស់វិស័យសុខាភិបាលកម្ពុជា ព្រមទាំងលទ្ធភាពចូលរួមគាំទ្រដល់កម្មវិធីអាទិភាពនានារបស់ក្រសួងសុខាភិបាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូអំពី វឌ្ឍនភាព និងការអភិវឌ្ឍនៃវិស័យសុខាភិបាលកម្ពុជា ទាំងផ្នែកគោលនយោបាយ ការងារបង្ការ ការផ្តល់សេវាព្យាបាល និងការថែទាំសុខភាពប្រជាពលរដ្ឋ។ ជាពិសេស ក្រសួងសុខាភិបាល បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើ ការពង្រឹង និងអភិវឌ្ឍសេវាសុខភាពបឋម ដោយផ្តោតលើការពង្រឹងសេវាសុខភាពនៅមូលដ្ឋាន និងការថែទាំសុខភាពប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការរបស់ប្រជាជន។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងបន្តបំពេញបេសកកម្ម ដោយការតាំងចិត្តខ្ពស់ ស្របតាមទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល និងដោយមានការគាំទ្រពីដៃគូជាតិ និងអន្តរជាតិ។ ក្នុងន័យនេះ ឯកឧត្តមវេជ្ជបណ្ឌិតបានស្នើដល់ សមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី និង GAZ Group ជាតំណាង ពិនិត្យលទ្ធភាពផ្គត់ផ្គង់រថយន្តកិលានសង្គ្រោះសម្រាប់ក្នងវិស័យ។
ជាការឆ្លើយតប លោក Tang Sangheng ប្រធានសមាគមសម្ព័ន្ធពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី បានសម្តែងនូវការស្វាគមន៍ និងការជឿទុកចិត្តចំពោះវឌ្ឍនភាពនៃវិស័យសុខាភិបាលនៅកម្ពុជា ព្រមទាំងបានបញ្ជាក់ពីការតាំងចិត្តរបស់សមាគម ក្នុងការស្វែងរកលទ្ធភាពចូលរួមគាំទ្រដល់ ក្រសួងសុខាភិបាល។ សមាគមបានបង្ហាញពីការចូលរួមគាំទ្រ និងពិនិត្យលទ្ធភាពរៀបចំឯកសារជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់រថយន្តគិលានសង្គ្រោះចំនួន ១គ្រឿង ជូនក្រសួងសុខាភិបាល ប្រើប្រាស់ដើម្បីរួមចំណែកពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ ។
ជំនួបនេះបានបង្ហាញពី សក្តានុពលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ីក្នុងវិស័យសុខាភិបាល និងជាមូលដ្ឋានសម្រាប់បន្តពិភាក្សាអំពីលទ្ធភាពវិនិយោគ ការផ្គត់ផ្គង់យានយន្តសង្គ្រោះ និងការគាំទ្រដល់ការពង្រឹងសេវាសុខភាពបឋមនៅកម្ពុជា។