ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារបង្ការ ទប់ស្កាត់ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ស្តីពីការផ្សព្វផ្សាយវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារបង្ការ ទប់ស្កាត់ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ មានគោលបំណងចម្បង គឺបង្កើនការអនុលោមតាមគោលនយោបាយជាតិ គោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព និងការប្តេជ្ញាចិត្តក្នុងកម្រិតតំបន់ និងអន្តរជាតិ តាមរយៈការពង្រឹងតួនាទីនៃការអប់រំផ្សព្វផ្សាយ និងការចូលរួមរបស់មន្រ្តីរាជការ មហាជន យុវជន កុមារ សហគមន៍ក្នុងប្រព័ន្ធការពារជនងាយរងគ្រោះ និងទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ដែលជាអនុប្រធាន សមាជិក សមាជិការ នៃក្រុមការងារបង្ការ ទប់ស្កាត់ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោក លោកស្រី តំណាងអង្គការ ដៃគូរ សរុបប្រមាណ ៦៤រូប។