Cambodia
ព័ត៌មានលំអិត

Image
បេសកកម្មជំរុញការអនុវត្តក្របខ័ណ្ឌ ជំរុញ បង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅខេត្តត្បូងឃ្មុំ។

ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៦

ខេត្តត្បូងឃ្មុំ៖ ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងការអនុវត្តក្របខ័ណ្ឌជំរុញបង្កើនការថែទាំសុខភាពបឋមនៅកម្ពុជា (ក.ជ.ថ.ស.ប ឬ PHC-BIF) ថ្នាក់ជាតិ បានចុះបំពេញបេសកកម្មការងារ PHC-BIF ជាមួយនឹងការពិនិត្យជាក់ស្តែង នៅតាមមូលដ្ឋានក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។

បេសកកម្មនេះ ផ្ដោតសំខាន់លើការពង្រឹង និងការជំរុញការចូលរួមទទួលខុសត្រូវពីអាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ លេីការអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម នៅតាមមូលដ្ឋាននីមួយៗ និងពិភាក្សាលេីកទឹកចិត្តជំរុញការចូលរួមរបស់ថ្នាក់ក្រោមជាតិ ព្រមទាំងដំណោះស្រាយលើបញ្ហាប្រឈមជាក់ស្តែងនៅតាមមូលដ្ឋាន នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដែលលោកជំទាវរដ្ឋលេខាធិការបានចុះទៅដល់ទីតាំងផ្ទាល់។   
 
ក្នុងដំណើរចុះបំពេញការងារដ៏មានសារៈសំខាន់នេះ លោកជំទាវវេជ្ជបណ្ឌិត បានចុះពិនិត្យ ជួបសំណេះសំណាល ចូលរួមកិច្ចប្រជុំក្រុមការងារអភិវឌ្ឍ និងគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋម របស់ស្រុក ឃុំ និងពិនិត្យការកែលម្អមណ្ឌលសុខភាព ដែលបានចុះទៅដល់ ព្រមទាំងចូលរួមផ្តល់អនុសាសន៍ណែនាំសំខាន់ៗចាំបាច់ ដោយមានការចូលរួមពី លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ (ទទួលបន្ទុកវិស័យសុខាភិបាល)  ឯកឧត្ដមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ លោកស្រីវេជ្ជបណ្ឌិត អ៊ូ អង្គារ៉ា អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងតំណាងរដ្ឋបាលខេត្ត-ស្រុក ថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ និងមន្ត្រីអញ្ជើញមកពីមន្ទីរនានានៃខេត្តត្បូងឃ្មុំ ដែលជាសមាជិក-ជិកាក្រុមការងារ PHC-BIF ថ្នាក់ខេត្ត និងស្រុក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) អភិបាល/រង ស្រុក មេឃុំ មេភូមិ កងកម្លាំងមានសមត្ថកិច្ច គណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព (HCMC) ក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) និងអង្គការដៃគូរសហការ។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដោយធ្វើការពាំនាំអនុសាសន៍ របស់ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនអង្គប្រជុំ និងជម្រាបជូនអង្គប្រជុំនូវទម្រង់ផែនការ សម្រាប់ឆ្នាំ២០២៧ សម្រាប់ភាគីពាក់ព័ន្ធបានធ្វើការពិភាក្សា និងពន្យល់នូវចម្ងល់ផ្សេងៗ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំជាច្រើនជុំវិញសកម្មភាពស្នូលទាំង៦ នៃ PHC-BIF ដែលជាចំណុចសំខាន់ ដែលត្រូវស្វែងយល់បន្ថែម និងយកទៅអនុវត្ត ក្នុងនោះមានការជំរុញការអនុវត្តគោលនយោបាយស្តីពី ការចូលរួមរបស់សហគមន៍ ការកែប្រែឥរិយាបថ ការពង្រឹងសមត្ថភាព និងធ្វើនវានុវត្តន៍ឌីជីថលនៅតាមមណ្ឌលសុខភាព ការពង្រឹង និងបំពេញបន្ថែមសេវាសុខភាពបឋម ពង្រឹងសេវាប្រចាំការ ២៤/៧ ការកែលម្អហេដ្ឋារចនាសម្ព័នរូបវន្ត និងអនាម័យបរិស្ថាន ដើម្បីបង្កេីនការយកចិត្តទុកដាក់ និងការចូលរួមធ្វេីឱ្យបានប្រសេីរឡេីងនូវសុខភាពល្អ និងជាកិច្ចការដែលត្រូវ "ធ្វេីសម្រេច" សម្រាប់ជំរុញបង្កេីនការថែទាំសុខភាពបឋម ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥។    
 
សូមបញ្ជាក់ផងដែរថា ក្រុមការងារបេសកកម្មបានចុះពិនិត្យ និងបានជួបថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល អាជ្ញាធរមូលដ្ឋាន គណកម្មការគ្រប់គ្រងមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងអតិថិជនដែលមកទទួលសេវា នៅតាមទីតាំងគោលដៅសំខាន់ៗ រួមមាន៖ មណ្ឌលសុខភាពទន្លេបិទ មណ្ឌលសុខភាពជីរោទិ៍២ មណ្ឌលសុខភាពជប់ មណ្ឌលសុខភាពសួង១ សាលាឃុំជប់ សាលាស្រុកត្បូងឃ្មុំ សាលាស្រុកមេមត់ និងចូលរួមប្រជុំនៅសាលាខេត្តត្បូងឃ្មុំ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15

រូបភាព Gallery
1 / 1
Gallery image