ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២ ខែ តុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំលើកទី១៩ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព "សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក" (CPA Guidelines)។
កិច្ចប្រជុំបានប្រព្រឹត្តទៅ នៅទីស្តីការក្រសួងសុខាភិបាល និងបានផ្តោតសំខាន់លើការពិភាក្សាយ៉ាងល្អិតល្អន់លើការធ្វើបច្ចុប្បន្នភាពផ្នែកផ្សេងៗ នៃសេចក្តីណែនាំ ដែលនៅសេសសល់ចុងក្រោយ រួមមាន៖ (១)ផ្នែកជំងឹមិនឆ្លងពិសេសស្តីពីជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម (២)ផ្នែកជំងឺឆ្លង រួមមានជំងឺរបេង អេដស៍ គ្រុនចាញ់ និងគ្រុនឈាម (៣)ប្រព័ន្ធព័ត៌មានសុខាភិបាល (៤)ការគិតគូរពីចំនួនគ្រែ និងបុគ្គលិកតាមមន្ទីរពេទ្យបង្អែកទាំង៣កម្រិត និង(៥)សេវាចម្រុះ ( one stop service) ព្រមទាំងការងារនៅសេសសល់ដើម្បីបញ្ចប់ការងារកែលម្អសេចក្តីណែនាំ។
សូមបញ្ជាក់ផងដែរថា ក្រុមការងារគ្រោងនឹងបញ្ចប់ការងារកែលម្អសេចក្តីណែនាំនេះ មុនដំណាច់ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចប្រជុំនេះ បានរៀបចំដោយផ្ទាល់ និងតាមអនឡាញ Zoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA Guidelines ចូលរួមទាំងអស់ មានចំនួន ៣៥រូប។