ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២៦
ថ្ងៃអង្គារ ១0រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៣៥ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ក្រោមឱវាទក្រសួងសុខាភិបាលចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom) សរុបចំនួន ៤២១៦នាក់។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាល ដែលបានប្រើប្រាស់ភាពជាអ្នកដឹកនាំក្នុងការឆ្លើយតបនឹងស្ថានភាពគ្រោះទឹកជំនន់ និងត្រូវបន្តយកចិត្តទុកដាក់អំពីការគ្រប់គ្រងជំងឺគ្រុនឈាម។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជូនបទបឋកថាពីយន្តការនៃការកំណត់គោលបំណង(Objective) ដែលគោលបំណងនេះគឺជាសំណុំរបស់គោលដៅ។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងនូវស្ថានភាពផ្សេងៗរបស់ គោលបំណង និងបានបង្ហាញពីទំនាក់ទំនងរវាង ផែនការសកម្មភាព គោលបំណង គោលដៅ យុទ្ធសាស្រ្ត និងចក្ខុវិស័យ ដើម្បីជួយឱ្យមន្ត្រីសុខាភិបាលបានយល់ដឹងកាន់តែច្បាស់ និងអាចយកទៅប្រើប្រាស់នៅតាមអង្គភាពឱ្យក្លាយជាសកម្មភាពជាក់ស្តែង។
ក្នុងកម្មវិធីនេះក៏មានបទបង្ហាញរបស់មន្ទីរពេទ្យបង្អែករាជធានី ដែលបានការប្រែក្លាយមន្ទីរពេទ្យជាអង្គភាពសាធារណៈគំរូក្នុងវិស័យសុខាភិបាល តាមរយៈការកែលម្អហេដ្ឋារចនាសម្ពន្ធ័ គុណភាពសេវា និងការត្រៀមខ្លួនដើម្បីពង្រើកសេវាឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន។