ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមអធិបតីភាព ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គោលបំណងកិច្ចប្រជុំ ដើម្បីពិភាក្សា និងឯកភាពលើសេចក្ដីព្រាងរបៀបវារៈនិង ដំណើរការនៃកិច្ចពិគ្រោះយោបល់ ការកំណត់បែងចែកភារកិច្ចទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នរួមទាំងការត្រៀមរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តគម្រោង និងសំណើគម្រោងថ្មី សម្រាប់កិច្ចពិគ្រោះយោបល់ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងបរិស្ថាន ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ គណៈកម្មាធិការវិនិយោគកម្ពុជា ព្រមទាំងអមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយអាល្លឺម៉ង់ពីក្រសួងស្ថាប័នពាក់ព័ន្ធ។