Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥។

ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTVET) ឆ្នាំ២០២៦-២០៣៥ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

កិច្ចប្រជុំនេះ ទទួលបានធាតុចូល និងការគាំទ្របន្ថែមទៀតពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លើសេចក្តីព្រាងគោលនយោបាយនេះ ឱ្យកាន់តែមានគុណភាព សង្គតិភាព ភាពគ្រប់ជ្រុងជ្រោយ និងភាពប្រទាក់ក្រឡាគ្នា ដើម្បីគោរពជូនគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យ កែសម្រួល និងដាក់ជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងអនុម័តដាក់ឱ្យប្រើប្រាស់។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការបន្តអភិវឌ្ឍគោលនយោបាយ និងដើរតួនាទីជាមាគ៌ាដ៏សំខាន់ក្នុងការកសាង "មូលធនមនុស្ស" ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិពាក់ព័ន្ធសំខាន់ៗ ដើម្បីចូលរួម សម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ គោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ មានចក្ខុវិស័យកសាងកម្លាំងពលកម្ម ដែលមានជំនាញ សម្បទាការងារ និងសម្បទាបត់បែន ដោយឆ្លើយតបទៅនឹងការប្រែប្រួលតម្រូវការទីផ្សារការងារ ប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែងជាតិ បង្កើតការងារសមរម្យ និងបង្កើនប្រាក់ចំណូល។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងសូមអរគុណចំពោះការផ្តល់យោបល់ និងអនុសាសន៍ប្រកបដោយអត្ថន័យខ្លឹមសារទាំងអស់ដែលបានលើកឡើងក្នុងអង្គប្រជុំយ៉ាងសកម្ម និងផុលផុស ក្នុងការធ្វើយ៉ាងណាឱ្យគោលនយោបាយជាតិរបស់យើងអាចសម្រេចបានគោលបំណងពេញលេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានគុណភាព ភាពឆ្លើយតប បរិយាបន្ន និងការតម្រង់ទិសទៅអនាគត តាមរយៈការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញដល់ប្រជាពលរដ្ឋគ្រប់រូបពេញមួយជីវិត ស្របតាមបរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង និងតម្រូវការសង្គម-សេដ្ឋកិច្ច ក្នុងបរិបទនៃការប្រែប្រួលទីផ្សារការងារ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image