ថ្ងៃទី ០៨ ខែ តុលា ឆ្នាំ ២០២៦
ខេត្តកែប៖ ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងស្វែងយល់អំពីបញ្ហាប្រឈមផ្សេងៗ នៅមន្ទីរពេទ្យបង្អែកខេត្តកែប។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំសោភ័ណភាពទីធ្លា អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ សណ្តាប់ធ្នាប់ ឯកសណ្ឋានបុគ្គលិក និងការផ្តល់សេវាពិនិត្យ ថែទាំ ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានល្អប្រសើរ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ឯកឧត្តមសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន រួមមាន៖
-ពង្រឹងគុណភាព និងសមត្ថភាពសេវា៖ ការប្រជុំបច្ចេកទេសពេលព្រឹក គ្រូពេទ្យប្រចាំការ ២៤ ម៉ោង/២៤ ម៉ោង ផ្តោតលើផ្នែកទទួលជម្ងឺក្រៅ សង្គ្រោះបន្ទាន់ ផ្នែកវះកាត់ និងផ្នែកអមវេជ្ជសាស្ត្រ។
-គ្រប់គ្រងរដ្ឋបាល និងឯកសារ៖ រៀបចំប្រព័ន្ធឯកសារអ្នកជំងឺ និងឯកសាររដ្ឋបាលមន្ទីរពេទ្យ ឲ្យមានរបៀបរៀបរយ និងសុក្រឹតភាព។
-គ្រប់គ្រងហិរញ្ញវត្ថុ៖ ប្រើប្រាស់ថវិកាអភិវឌ្ឍន៍មន្ទីរពេទ្យឲ្យមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនចំពោះមន្ត្រី បុគ្គលិកសុខាភិបាលទាំងអស់ និងបានលើកទឹកចិត្ត ឲ្យបន្តខិតខំប្រឹងប្រែងបំពេញភារកិច្ច ដោយឈរលើទិសដៅយុទ្ធសាស្ត្រអាទិភាព ក្នុងវិស័យសុខាភិបាល នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។