ថ្ងៃទី ០៩ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ បានដឹកនាំកិច្ចប្រជុំលើកទី៨ របស់គណៈកម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីទិសដៅបន្តនៃការអនុវត្តគម្រោងសុខភាពតែមួយនៅកម្ពុជា ទៅតាមរបៀបវារ:ដូចខាងក្រោម៖
១) បទបង្ហាញសេចក្តីព្រាងចុងក្រោយនៃ យុទ្ធសាស្ត្រជាតិសុខភាពតែមួយសម្រាប់កម្ពុជា (National One Health Strategy for Cambodia – NOHS)
២) វឌ្ឍនភាពនៃការអនុវត្តគម្រោង OH4CAM
៣) បច្ចុប្បន្នភាពអំពីការសិក្សាស្រាវជ្រាវ RACSMEI, ECOMORE, VIRAGE និង ZOPRAC ដែលបង្ហាញដោយ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
៤) សកម្មភាពបន្ត និងទិសដៅអនុវត្ត។
ក្នុងឱកាសនេះ លោកជំទាវប្រធានគណៈកម្មការ បានផ្តល់អនុសាសន៍ជូន លេខាធិការដ្ឋានសម្របសម្រួលសុខភាពតែមួយ ពិនិត្យ និងកែសម្រួលចុងក្រោយលើសេចក្តីព្រាង «យុទ្ធសាស្ត្រជាតិសុខភាពតែមួយ (NOHS)» ឱ្យបានគ្រប់ជ្រុងជ្រោយ ដោយប្រមូលធាតុចូលបន្ថែមពីភាគីពាក់ព័ន្ធ ព្រមទាំងត្រៀមរៀបចំពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការឱ្យបានរួចរាល់ត្រឹមចុងខែតុលា ឆ្នាំ២០២៦ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុង វិនតៈ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលជាអនុប្រធានគណ:កម្មការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយ ឯកឧត្តម លោក លោកស្រី ជាលេខាធិការដ្ឋានសម្របសម្រួលសុខភាពតែមួយ នៃក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW), WHO, IPC ដៃគូអភិវឌ្ឍន៍ និងក្រុមការងារពាក់ព័ន្ធ។