Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ​និងចុះ​ពង្រឹង​គុណភាព​សេវា​ នីមន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង៥​ ក្នុង​ខេត្តសៀមរាប​។

ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦

ខេត្ត​សៀមរាប​៖ ចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែ​តុលា​ ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល​ ​និងឯកឧត្ដម​ឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ ​និងចុះ​ពង្រឹង​គុណភាព​សេវា​ នៅមន្ទីរពេទ្យ​បង្អែក​ស្រុក​ទាំង៥​ ក្នុង​ខេត្តសៀមរាប​។

ក្នុងឱកាសបំពេញបេសកកម្មនេះ​ ឯកឧត្តម​រដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី​ឯកឧត្ដម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី​ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិក​មន្ទីរពេទ្យ​ទាំង​អស់​ ដែល​ខិតខំប្រឹងប្រែង​ លះបង់ខ្ពស់ក្នុងការងារបម្រើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ​ ទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ បុគ្គល​ទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រកបដោយ​វិជ្ជាជីវៈ​ ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ខ្ជាប់​ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិន​ត្រូវ​រើសអើង​អ្នក​ជំងឺ​ណា​ម្នាក់​ឡើយ។

ក្នុងពេលរដូវរស្សា ដែលអាចនឹងកើតមានជំងឺ​គ្រុន​ឈាម​​ ឯកឧត្ដម​បណ្ឌិត​បាន​ណែនាំ​ដល់​មន្ត្រី​សុខាភិបាល​ ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ចូលរួម​ផ្សព្វផ្សាយ​ អប់រំ​ ដល់​ប្រជាពលរដ្ឋ​ ​ដេីម្បីប្រុងប្រយ័ត្នការឆ្លង​ជំងឺ​គ្រុន​ឈាម​ ដូច​ជា​ការបំបាត់ជម្រកមូសខ្លា ដោយត្រូវលាងសម្អាត និងគ្របពាង ឬអាងទឹកឱ្យបានជិត ផ្លាស់ប្តូរទឹកនៅក្នុងថូផ្កា និងរៀបចំអនាម័យជុំវិញផ្ទះ ដោយកម្ទេចចោលនូវសម្ភារៈដែលអាចដក់ទឹកបាន ដូចជា​ សំបកកង់ឡាន សំបកដូង កំប៉ុង និងផ្លាស្ទិក ជាដើម។ ត្រូវដាក់ថ្នាំអាបាត (Abate) ក្នុងពាងទឹក កាប់ឆ្ការព្រៃ ស៊ុបទ្រុបជុំវិញផ្ទះ គេងក្នុងមុង ឬមុងជ្រលក់ថ្នាំជានិច្ច និងស្លៀកពាក់ខោអាវដៃវែងជើងវែង និងត្រូវប្រញ៉ាប់នាំសមាជិកគ្រួសារប្រសិនបើមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ បញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលជិតបំផុត ដោយជៀសវាងដាច់ខាតនូវ ការទិញថ្នាំលេប ឬព្យាបាលដោយខ្លួនឯងនៅផ្ទះ ដើម្បីធានាសុវត្ថិភាព និងសង្គ្រោះជីវិតទាន់ពេលវេលា។

ឯកឧត្តម​បណ្ឌិត​ បាន​មាន​ប្រសាសន៍​ថា​ រាជរដ្ឋាភិបាល តែងតែគិតគូពីសុខភាព​ និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧ នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៅក្នុង​នោះ​ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព​ ។

ឯកឧត្តម​បណ្ឌិត​ បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ឆ្នាំ២០២៥ កន្លងទៅ​នេះ​ រាជរដ្ឋាភិបាល​បាន​ផ្តល់​ថវិកា​សម្រាប់​អភិវឌ្ឍ​មន្ទីរពេទ្យ​ចំនួន​៦១​ កំរិត​១​ និង​កំរិត​២​ ឱ្យមាន​សមត្ថភាព​ផ្នែក​វះកាត់​ សង្គ្រោះ​បន្ទាន់​ សង្រ្គោះ​ទារក​ និង​ថែទាំ​អ្នក​ជំងឺ​ធ្ងន់​​ ដេីម្បី​កាត់​បន្ថយ​ការ​បញ្ជូន​ទៅមន្ទីរពេទ្យ​ថ្នាក់​ជាតិ​ កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​​​។

សូមជម្រាបជូនថា មន្ទីរពេទ្យ​បង្អែក​ស្រុក​ដែលចុះពិនិត្យ រួម​មាន​៖ មន្ទីរពេទ្យបង្អែកសូត្រ​និគម, រុន​តាឯក, អង្គរ​ជុំ, ពួក, និង​ក្រឡាញ់​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image