ថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០២៦
ឆ្លៀតឱកាសក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ ចូលពិនិត្យមណ្ឌលសុខភាព ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែងនៃការបម្រើសេវាសុខាភិបាលជូនប្រជាជនឱ្យប្រសើរបន្ថែមលើ៖
១) ការទទួលស្វាគមន៍ប្រជាជនដោយភាពរួសរាយរាក់ទាក់ និងការយកចិត្តទុកដាក់។
២) ការកត់ត្រា គ្រប់គ្រងព័ត៌មាន និងតាមដានសុខភាពប្រជាជនឱ្យបានម៉ត់ចត់។
៣) ការណាត់ជួប និងតាមដានអ្នកជំងឺឱ្យបានទៀងទាត់ និងបន្តការថែទាំដោយមិនដាច់ចន្លោះ។
៤) ការស្គាល់ច្បាស់ពីប្រជាជនក្នុងមូលដ្ឋាន ជាពិសេសកុមារដែលមិនទាន់បានចាក់វ៉ាក់សាំង ឬចាក់មិនទាន់គ្រប់ដូស និងការចុះស្វែងរកអ្នកដែលនៅមិនទាន់ទទួលបានសេវា។
៥) ការពង្រឹងវិន័យការងារ ស្មារតីទទួលខុសត្រូវ និងការវាយតម្លៃលទ្ធផល ដើម្បីកែលម្អជាប្រចាំ។
ចំណុចសំខាន់បំផុត គឺលើកទឹកចិត្តឱ្យបងប្អូនខិតខំអនុវត្តការកែលម្អតាមទម្រង់ការងារតាមនិយាម។
ការកែទម្រង់ត្រូវមានខ្លឹមសារពិតប្រាកដ មានការផ្លាស់ប្តូរជាក់ស្តែង និងមានលទ្ធផលដែលប្រជាជនអាចទទួលបាន និងមានទំនុកចិត្ត ដោយប្រកាន់ជំហរ៖ «កុំឈប់ត្រឹមការធ្វើបានបង្គួរ ត្រូវខិតខំធ្វើឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងកាន់តែប្រសើរឡើងជានិច្ច»។
ព្រោះជោគជ័យនៃមណ្ឌលសុខភាព មិនមែនវាស់ត្រឹមអគារ ឬរបាយការណ៍នោះទេ ប៉ុន្តែវាស់ដោយគុណភាពសេវា ការទទួលខុសត្រូវ និងទំនុកចិត្តរបស់ប្រជាជន។
ការកែទម្រង់ពិតប្រាកដ គឺការផ្លាស់ប្តូរពី «ធ្វើឱ្យបាន» ទៅជា «ធ្វើឱ្យត្រូវ ធ្វើឱ្យល្អ និងធ្វើឱ្យមានប្រសិទ្ធភាព»។
ការចូលពិនិត្យមណ្ឌលសុខភាពក្រាំងស្លានេះ ឆ្លៀតក្នុងឱកាស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកជំទាវ អញ្ជើញចូលរួមកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នៅខេត្តតាកែវ ព្រមទាំងសួរសុខទុក្ខលោកតា លោកយាយ ប្រជាពលរដ្ឋអំពីបញ្ហាសុខភាព និងការបម្រើសេវាសុខាភិបាលនៅក្នុងមូលដ្ឋាន។
ខេត្តតាកែវ៖ ថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២៦