ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់អគារថែទាំព្យាបាលថ្មី ក្រោមអធិបតីភាពលោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
អគារថែទាំព្យាបាលថ្មីនេះ មានកម្ពស់ ១៥ជាន់ ដែលអាចបំពាក់គ្រែសម្រាកព្យាបាលសរុបជាង ២០០គ្រែ បរិក្ខារវេជ្ជសាស្ត្រទំនើបៗ បន្ទប់វះកាត់ប្រកបដោយស្តង់ដា ដែលមានផ្នែកថែទាំទារក (NCU & NICU) ផ្នែកសម្ភព ផ្នែករោគស្រ្តី ផ្នែកជំងឺទូទៅ និងវះកាត់ ផ្នែកមន្ទីរពិសោធន៍ សាលប្រជុំ និងបណ្តុះបណ្តាល។
អគារថែទាំព្យាបាលកម្ពស់ ១៥ជាន់ ដែលមាន ២០០គ្រែនេះ គឺជាសមិទ្ធផលថ្មីមួយទៀត និងជាការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្នុងការឆ្លើយតបទៅនឹងតម្រូវការចាំបាច់ នៃសេវាថែទាំសុខភាពមាតា និងទារក នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ព្រមទាំងផ្តល់នូវបរិស្ថានព្យាបាលដែលមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់។ តាមការគ្រោងទុក គម្រោងសាងសង់អគារថែទាំព្យាបាលថ្មីនេះនឹងត្រូវបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០២៨។
សូមបញ្ជាក់ជូនថា ពិធីបញ្ចុះបឋមសិលាសាងសង់អគារថ្មីនេះ មានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្ដម លោកជំទាវ ទីប្រឹក្សាក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ ប្រធានការិយាល័យ អនុប្រធានការិយាល័យ ប្រធានផ្នែក ជំនួយការប្រធានផ្នែក ប្រធានកម្មវិធីជាតិ អនុប្រធានកម្មវិធីជាតិ នាយសាល ជំនួយការនាយសាល មន្ត្រីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។