ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំក្រុមការងារនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង នៃក្រសួងសុខាភិបាល ចូលរួមក្នុងកិច្ចប្រជុំជំនាញបច្ចេកទេសដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម» ដែលបានប្រព្រឹត្តទៅ នៅទីស្តីការគណ:រដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តម លីវ សុវណ្ណា រដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី និងឯកឧត្តម នៅ បោនន័រ សហប្រធាន និងជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។
កិច្ចប្រជុំដ៏មានសារ:សំខាន់នេះ បានផ្តោតសំខាន់លើការពិនិត្យមើលខ្លឹមសារលម្អិតទាក់ទងនឹងវិស័យភស្តុភារកម្មក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសារៈសំខាន់សម្រាប់វិស័យដឹកជញ្ជូនទំនិញនានាទាំងក្នុងប្រទេស និងតំបន់ ដើម្បីឆ្លើយតបទៅនឹងក្របខណ្ឌកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការដឹកជញ្ជូនពហុរូបភាព និងកំណើនសេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោក លោកស្រី ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រី និងក្រុមការងារ នៃទីស្តីការគណ:រដ្ឋមន្ត្រី។