Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូ Sharda University នៃសាធារណរដ្ឋឥណ្ឌា។

ថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ Sharda University នៃសាធារណរដ្ឋឥណ្ឌា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ជាពិសេសការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្ស និងការចូលរួមសហការក្នុងការផ្តល់សេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋលេខាធិការ បានស្វាគមន៍គណៈប្រតិភូ និងបានលើកឡើងអំពីវឌ្ឍនភាព និងទិសដៅអាទិភាពរបស់វិស័យសុខាភិបាលកម្ពុជា ដែលផ្តោតលើការបង្ការជំងឺ ការរកឃើញជំងឺនៅដំណាក់កាលដំបូង ការពង្រឹងការថែទាំសុខភាពបឋម និងការលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដើម្បីឆ្លើយតបនឹងតម្រូវការសុខភាពរបស់ប្រជាជន។

ភាគីទាំងពីរបានពិភាក្សាអំពីលទ្ធភាពសហការលើការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពបុគ្គលិកសុខាភិបាល ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍វិជ្ជាជីវៈ ការស្រាវជ្រាវ និងការគាំទ្រផ្នែកបច្ចេកទេស ព្រមទាំងការចូលរួមសហការនៅតាមមន្ទីរពេទ្យ ដើម្បីពង្រឹងសមត្ថភាពការផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំអ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានេះ តំណាងប្រតិភូ Sharda University បានបង្ហាញពីសក្តានុពល និងលទ្ធភាពក្នុងការចូលរួមគាំទ្រកិច្ចសហប្រតិបត្តិការ ជាមួយក្រសួងសុខាភិបាល តាមរយៈក្រុមវេជ្ជបណ្ឌិតឯកទេស និងអ្នកជំនាញសុខាភិបាល ដែលមានបទពិសោធន៍ ដើម្បីចូលរួមចែករំលែកចំណេះដឹង បណ្តុះបណ្តាលធនធានមនុស្ស និងពង្រឹងគុណភាពសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យនានា។

ជំនួបនេះបានបង្ហាញពីឆន្ទៈរួម ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសាធារណរដ្ឋឥណ្ឌា ជាពិសេសការភ្ជាប់ការអប់រំ ការអនុវត្តវិជ្ជាជីវៈ និងប្រព័ន្ធសុខាភិបាល ដើម្បីអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពសេវាសុខាភិបាល និងរួមចំណែកកែលម្អសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

ជំនួបពិភាក្សាការងារនេះ គឺជាជំហានដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាលកម្ពុជា និង Sharda University នៃសាធារណរដ្ឋឥណ្ឌា ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការផ្លាស់ប្តូរបទពិសោធន៍ និងការចូលរួមគាំទ្រសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យ។ កិច្ចសហប្រតិបត្តិការនេះដែរ មានសក្តានុពលក្នុងការរួមចំណែកពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល លើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាល ព្រមទាំងពង្រីកលទ្ធភាពទទួលបានសេវាសុខាភិបាលប្រកបដោយគុណភាព និងសមធម៌ សំដៅរួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងការលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6

រូបភាព Gallery
1 / 1
Gallery image