Cambodia
ព័ត៌មានលំអិត

Image
ពិធីជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិន សហភាពអឺរ៉ុប តួកគីយ៉េ រ៉ូម៉ានី ឆ្នាំសិក្សា២០២៦-២០២៧។

ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលចិន សហភាពអឺរ៉ុប តួកគីយ៉េ រ៉ូម៉ានី ឆ្នាំសិក្សា២០២៦-២០២៧ ដឹកនាំដោយសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សរុបចំនួន ១៨រូប នៅទីស្តីការក្រសួងសុខាភិបាល។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ អបអរសាទរចំពោះជ័យលាភីទាំងអស់ និងបានលើកឡើងថា មូលធនមនុស្សគឺជាអាទិភាព ជាការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលអាណត្តិមុនៗ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឆ្លាតវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត មានសារសំខាន់ណាស់ ដើម្បីឱ្យក្មួយៗជាជ័យលាភីអាហារូបករណ៍ ក្រេបជញ្ជក់ឱ្យបាននូវចំណេះអស់លទ្ធភាព ដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ដែលមានសមត្ថភាព និងត្រឡប់មកវិញចូលរួមក្នុងការកសាងប្រទេសយើងឱ្យរុងរឿង និងសម្រេចនូវចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាល ពិសេសការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងសារសំខាន់នៃភាពជាអ្នកដឹកនាំរបស់មន្ត្រីគ្រប់កម្រិត ព្រមទាំងវឌ្ឍនភាពរីកចម្រើនគ្រប់វិស័យនៃប្រទេសយើង ដែលបានមកពីសុខសន្តិភាព ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ជ័យលាភីអាហារូបករណ៍ទាំងអស់ក៏ជាទូតសុច្ឆន្ទៈ ដើម្បីផ្សព្វផ្សាយអំពីអារ្យធម៌ វប្បធម៌របស់ប្រទេសកម្ពុជា ដែលមានយូរលង់ណាស់មកហើយ និងបង្ហាញពីសេចក្តីថ្លៃថ្នូរ ការគោរពវិន័យរបស់ប្រជាជនខ្មែរ ទៅលើឆាកអន្តរជាតិ។ ក្រោយការជួបសំណេះសំណាល តំណាងនិស្សិតជ័យលាភីទាំងអស់ បានប្តេជ្ញាខិតខំសិក្សារៀនសូត្រ ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងត្រឡប់មកវិញចូលរួម ក្នុងការកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើនរុងរឿង។

សូមបញ្ជាក់ផងដែរថា ការជួបសំណេះសំណាលនេះ មានការអញ្ជើញចូលរួមដោយ អគ្គនាយករងបច្ចេកទេសសុខាភិបាល អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងសាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image