ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៦
នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ពិធីចុះពិនិត្យជំងឺទូទៅ សុខភាពភ្នែក និងចែកវ៉ែនតា ជូនប្រជាពលរដ្ឋ ដែលរៀបចំឡើងនៅសាលាបឋមសិក្សាភ្នំពេញថ្មី ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ពិធីនេះមានការចូលរួម ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មកពីគ្រប់បណ្តាមន្ទីរពេទ្យជាតិ រដ្ឋបាលខណ្ឌសែនសុខ និងមូលនិធិ Fred Hollows ដែលបង្ហាញពីការចូលរួមយ៉ាងសកម្ម ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា «ការនាំសេវាសុខាភិបាលទៅជិតប្រជាពលរដ្ឋ គឺជាការប្រែក្លាយគោលនយោបាយទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។ ការជួយឱ្យមនុស្សម្នាក់មើលឃើញវិញ គឺជាការផ្តល់ឱកាសថ្មីដល់ជីវិតរបស់គាត់។ យើងមិនវាស់សមិទ្ធផលត្រឹមចំនួនអ្នកបានពិនិត្យទេ ប៉ុន្តែវាស់តាមគុណភាពសេវា និងការផ្លាស់ប្តូរជីវិតប្រជាពលរដ្ឋ។ សុខាភិបាលល្អ មិនមែនរង់ចាំតែអ្នកជំងឺមករកយើងទេ ប៉ុន្តែត្រូវខិតខំទៅរកអ្នកដែលត្រូវការសេវា។ ការបង្ការជំងឺ និងការរកឃើញទាន់ពេល គឺជាការវិនិយោគលើសុខភាព គ្រួសារ និងអនាគតប្រទេសជាតិ»។
ការចុះពិនិត្យសុខភាពនាពេលនេះ ក្រោមការយកចិត្តទុកដាក់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមលើកទឹកចិត្តប្រជាពលរដ្ឋ ក្នុងការលើកកម្ពស់សុខភាពទូទៅ និងសុខភាពភ្នែកទទួលបានលទ្ធផលល្អប្រសើរ ដោយ៖ ១) ត្រូវយកចិត្តទុកដាក់ពិនិត្យសុខភាពទូទៅ និងសុខភាពភ្នែក ជាពិសេសអ្នកមានទឹកនោមផ្អែម និងលើសសម្ពាធឈាម។ ២) ត្រូវថែរក្សាសុខភាពទូទៅ តាមរយៈការរស់នៅប្រកបដោយអនាម័យ របបអាហារមានតុល្យភាព ហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។ ៣) ការពារសុខភាពភ្នែក ដោយរបបអាហារ របៀបរស់នៅ អនាម័យភ្នែក និងត្រូវទទួលការពិនិត្យតាមដានបន្ត ប្រសិនបើមានការប្រែប្រួលគំហើញ។
សូមជម្រាបជូនថា ប្រជាពលរដ្ឋអញ្ជើញមកទទួលសេវាពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងសុខភាពទូទៅ សរុបចំនួន ៩២០៥ករណី ក្នុងនោះមាន ផ្នែកសម្ភព, ផ្នែករោគស្រ្តី, ផ្នែកជំងឺទារក កុមារ, ផ្នែកត្រចៀក ច្រមុះ បំពង់ក និងចក្ខុរោគ, ផ្នែករូបភាពវេជ្ជសាស្រ្ត, ផ្នែកជំងឺបេះដូង, ផ្នែកជំងឺថ្លើម ក្រពះ ពោះវៀន, ផ្នែកវះកាត់ប្រព័ន្ធប្រសាទ, ផ្នែកជំងឺទូទៅ, ផ្នែករោគកុមារ, ផ្នែកសុខភាពមាត់ធ្មេញ, ផ្នែកវះកាត់តូច និងធំ ក្នុងករណីតម្រូវការវះកាត់នឹងបញ្ជូនវះកាត់បន្តនៅមន្ទីរពេទ្យជាតិ។