Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យ និងផ្តល់យោបល់លើផែនទីបង្ហាញផ្លូវ សម្រាប់និរន្តរភាព នៃការថែទាំជំងឺទឹកនោមផ្អែមប្រភេទ១។

ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យ និងផ្តល់យោបល់លើផែនទីបង្ហាញផ្លូវសម្រាប់និរន្តរភាព នៃការថែទាំជំងឺទឹកនោមផ្អែមប្រភេទ១»។

សិក្ខាសាលានេះ រៀបចំ ឡើងក្នុងគោលបំណងប្រមូលនូវមតិយោបល់ ដើម្បីពិនិត្យ និងកែលម្អសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឱ្យកាន់តែមានភាព គ្រប់ជ្រុងជ្រោយ។

ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរង បានលើកឡើងនូវអាទិភាពសំខាន់ៗចំនួន ៥ សម្រាប់អង្គសិក្ខាសាលា ធ្វើការពិភាក្សា រួមមាន៖
1.ធានាសមធម៌ និងគុណភាព៖ ធានាឱ្យអ្នកជំងឺទឹកនោមផ្អែមប្រភេទ១ មានលទ្ធភាពទទួលបានសេវាថែទាំ និងព្យាបាលប្រកបដោយគុណភាព និងសមធម៌។
2.ពង្រឹងសមត្ថភាព និងការធ្វើរោគវិនិច្ឆ័យ៖ ពង្រឹងការធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពរបស់អ្នកផ្តល់សេវាថែទាំសុខភាព។
3.ភាពស៊ីសង្វាក់គ្នានៃគោលនយោបាយ៖ ផែនទីបង្ហាញផ្លូវប្រកបដោយនិរន្តរភាពសម្រាប់ ជំងឺទឹកនោមផ្អែមប្រភេទ១ ត្រូវតែមានភាពស៊ីសង្វាក់គ្នាជាមួយយុទ្ធសាស្ត្រសុខាភិបាលជាតិ គោលនយោបាយស្តីពី ឱសថចាំបាច់ យន្តការហិរញ្ញវត្ថុសុខាភិបាល និងអាទិភាពនានាពាក់ព័ន្ធនឹងការគ្របដណ្តប់សុខភាពជាសកល (UHC)
4.ការគាំទ្រផ្នែកស្មារតី និងសង្គម៖ ការផ្តល់ការអប់រំអំពីការគ្រប់គ្រងជំងឺដោយខ្លួនឯង ការគាំទ្រផ្នែកផ្លូវចិត្ត និងការគាំទ្រនៅក្នុងសាលារៀន និងសហគមន៍ ព្រមទាំងការការពារប្រឆាំងនឹងការមាក់ងាយ និងការរើសអើង គឺជាកត្តាចាំបាច់ដើម្បីឱ្យពួកគេអាចរស់នៅ និងអភិវឌ្ឍសមត្ថភាពបានពេញលេញដូចមនុស្សទូទៅ។
5.យន្តការតាមដាន និងវាយតម្លៃ៖ ត្រូវបង្កើតយន្តការដ៏រឹងមាំមួយសម្រាប់ការតាមដាន ការវាយតម្លៃ និងការទទួលខុសត្រូវខ្ពស់ពីស្ថាប័នពាក់ព័ន្ធ ដើម្បីធានានិរន្តរភាពនៃកម្មវិធីជំងឺទឹកនោមផ្អែមលើកុមារ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ក៏ជាឱកាសដ៏សំខាន់មួយក្នុងការកសាងការយល់ដឹងរួមគ្នាក្នុង ការប្រឈមមុខ នឹងបញ្ហា និងការឯកភាពលើដំណោះស្រាយជាក់ស្តែង។ ឯកឧត្តមបានគូសបញ្ជាក់ថា យើងត្រូវធានាថាផែនទី បង្ហាញផ្លូវនេះមិនមែនត្រឹមតែជាឯកសារគោលនយោបាយនៅលើក្រដាសនោះទេ ប៉ុន្តែជាផែនការសកម្មភាព ដែលអាចអនុវត្តបានជាក់ស្តែង មានធនធានហិរញ្ញវត្ថុគាំទ្រ អាចតាមដានត្រួតពិនិត្យបាន និងធានាបាននូវនិរន្តរភាព រយៈពេលវែង។ កិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យសាធារណៈ ឯកជន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងជាពិសេសប្រជាពលរដ្ឋដែលរស់នៅជាមួយជំងឺទឹកនោមផ្អែម ប្រភេទ១។

អង្គសិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំមកពី មន្ទីរសុខាភិបាលចំនួន ១០ និងគ្លីនិកចំនួន ១៤ នៃគម្រោង «ការគ្រប់គ្រងជំងឺទឹកនោមផ្អែមលើកុមារ និងវ័យជំទង់» ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការដៃគូពាក់ព័ន្ធ សរុបប្រមាណ ៦០រូប។ កម្មវិធីនេះទទួលបានការគាំទ្រថវិកាពីគម្រោង CDiC II ដែលអនុវត្តដោយអង្គការ PSI។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7

រូបភាព Gallery
1 / 1
Gallery image