ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៦
ខេត្តកំពង់ស្ពឺ៖ ថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងស្វែងយល់អំពីបញ្ហាប្រឈម នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ទាំងមូល ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម ទទួលបានលទ្ធផលល្អប្រសើរ និងស្របតាមផែនការទិសដៅដែលបានគ្រោងទុក ទាំងលើការរៀបចំសណ្តាប់ធ្នាប់ គុណភាពនៃការថែទាំព្យាបាល និងការគ្រប់គ្រងទូទៅ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បានណែនាំឲ្យបន្តពង្រឹងបន្ថែម និងបានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះមួយចំនួន៖
-ការងារបច្ចេកទេស និងរដ្ឋបាល៖ យកចិត្តទុកដាក់លើកិច្ចប្រជុំបច្ចេកទេសពេលព្រឹក ការយាមប្រចាំការ ការតាមដានអ្នកជំងឺ ការរៀបចំឯកសារអ្នកជំងឺ ឯកសាររដ្ឋបាលមន្ទីរពេទ្យឲ្យបានត្រឹមត្រូវ និងបន្តអភិវឌ្ឍសមិទ្ធផលល្អៗ ដែលសម្រេចបានតាមផែនការឱ្យកាន់តែរឹងមាំ និងមានចីរភាព។
-ការរៀបចំ និងពង្រឹងសេវា៖ ពង្រឹងសមត្ថភាពផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ផ្នែកអមវេជ្ជសាស្ត្រ លំហូរអ្នកជំងឺ (OPD) ផ្នែកចុះឈ្មោះ និងបញ្ជរបង់ប្រាក់។
-បរិស្ថាន និងថវិកា៖ លើកកម្ពស់សោភ័ណភាព អនាម័យ ហេដ្ឋារចនាសម្ព័ន្ធ ឯកសណ្ឋានបុគ្គលិក និងការប្រើប្រាស់ថវិកាអភិវឌ្ឍន៍មន្ទីរពេទ្យប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី ជូនចំពោះមន្ត្រីសុខាភិបាលទាំងអស់ និងលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងដើម្បិលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ។