Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលឯកទេស ស្តីពីជំងឺប្រព័ន្ធទឹកនោមស្ត្រី និងបញ្ហាអាងត្រគាក និងបាតអាងត្រគាក ដើម្បីលើកកម្ពស់សុខភាពស្ត្រីនៅកម្ពុជា។

ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ទទួលបាន ឯកឧត្តមសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលឯកទេស «Masterclass in Female Urology and Pelviperineology» ក្នុងក្របខណ្ឌកម្មវិធី AIRES–LOTUS នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា–ចិន ព្រះកុសុមៈ ដោយមានការចូលរួមពី ឯកឧត្តម តាន់ សុគុន​ ទីប្រឹក្សាក្រសួងសុខាភិបាល​ និង​ជានាយកមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរពេទ្យ សាស្ត្រាចារ្យ Véronique Phé ក្រុមអ្នកជំនាញអន្តរជាតិ សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងវេជ្ជបណ្ឌិតកំពុងបណ្តុះបណ្តាលឯកទេស។

នាឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះរួមចំណែក ដល់ការអនុវត្តទិសដៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាសុខាភិបាល ជាពិសេសការពង្រឹងសេវានៅមូលដ្ឋាន។

ឯកឧត្តមបានរំលេចផងដែរនូវប្រសាសន៍ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលសេវាសុខាភិបាលត្រូវផ្តោតលើគុណភាព សុវត្ថិភាព ប្រសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះសេវាសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ បានលើកឡើងនូវអាទិភាពសំខាន់ៗចំនួនបី រួមមាន៖ ១)តម្កល់សេចក្តីថ្លៃថ្នូរ ឯកជនភាព និងសុវត្ថិភាពរបស់អ្នកជំងឺជាចម្បង។ ២)យកចំណេះដឹង និងជំនាញដែលទទួលបានទៅកែលម្អការអនុវត្តជាក់ស្តែង ព្រមទាំងចែករំលែកបន្តដល់សហការី។ និង ៣)ពង្រឹងកិច្ចសហការពហុជំនាញ និងភាពជាដៃគូអន្តរជាតិ ដើម្បីអភិវឌ្ឍសមត្ថភាពក្រុមគ្រូពេទ្យកម្ពុជាប្រកបដោយនិរន្តរភាព។

វគ្គបណ្តុះបណ្តាលនេះ ផ្តោតលើការវាយតម្លៃ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបញ្ហាប្រព័ន្ធទឹកនោម និងអាងត្រគាកស្ត្រី ដោយផ្សារភ្ជាប់បទពិសោធន៍អន្តរជាតិ ជាមួយការអនុវត្តក្នុងបរិបទកម្ពុជា សំដៅឱ្យស្ត្រីទទួលបានការថែទាំសមស្រប ទាន់ពេលវេលា និងប្រកបដោយការគោរព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image