ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Izaskun Gaviria តំណាងមូលនិធិសកល (The Global Fund) ដើម្បីពិនិត្យវឌ្ឍនភាពនៃការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា និងពិភាក្សាអំពីការត្រៀមលក្ខណៈសម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមតំបន់អាស៊ីអាគ្នេយ៍ ស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំអាតេមីស៊ីនីន ដំណាក់កាលទី៥ បន្ថែម (Regional Artemisinin-resistance Initiative 5 Extension – RAI5E) សម្រាប់ឆ្នាំ២០២៧–២០២៩។
ក្នុងជំនួបនេះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះមូលនិធិសកល ដែលបានបន្តផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នៅកម្ពុជា។ ការគាំទ្រនេះបានរួមចំណែកដល់ការពង្រឹងសេវាសុខាភិបាល ការពង្រីកលទ្ធភាពទទួលបានសេវាបង្ការ និងព្យាបាល និងការជំរុញវឌ្ឍនភាពឆ្ពោះទៅរកការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ជាពិសេសការសម្រេចបាននូវសមិទ្ធផលសំខាន់ក្នុងការបញ្ឈប់ការចម្លងជំងឺគ្រុនចាញ់ដែលបង្កដោយប៉ារ៉ាស៊ីត Plasmodium falciparum ក្នុងស្រុក ចាប់តាំងពីដើមឆ្នាំ២០២៤ និងមិនមានករណីស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ មក។ ទោះជាយ៉ាងណា កម្ពុជានៅតែត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយសារហានិភ័យនៃករណីនាំចូល ការឆ្លងជំងឺដែលបង្កដោយប៉ារ៉ាស៊ីតប្រភេទផ្សេងៗ រួមទាំង Plasmodium knowlesi និងលទ្ធភាពនៃការកើតឡើងវិញនៃការចម្លងជំងឺ។
ក្នុងឱកាសនៃជំនួបនេះ លោកស្រី Izaskun Gaviria តំណាងមូលនិធិសកល បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលជាប្រទេសដំបូងគេក្នុងតំបន់ដែលសម្រេចបានគោលដៅសំខាន់ក្នុងការលុបបំបាត់ការចម្លងជំងឺគ្រុនចាញ់ដែលបង្កដោយប៉ារ៉ាស៊ីត Plasmodium falciparum ក្នុងស្រុក។ លោកស្រី បានលើកឡើងពីសារៈសំខាន់នៃសមិទ្ធផលនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ការដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជំរុញការលុបបំបាត់ជំងឺគ្រុនចាញ់នៅកម្ពុជា។
សមិទ្ធផលនេះជាមូលដ្ឋានដ៏សំខាន់សម្រាប់កម្ពុជាបន្តពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបនឹងជំងឺគ្រុនចាញ់ រក្សានិរន្តរភាពនៃសេវាសុខាភិបាល និងទប់ស្កាត់ការកើតឡើងវិញនៃការចម្លងជំងឺ ដោយមានការបន្តគាំទ្រ និងសហការយ៉ាងជិតស្និទ្ធពីមូលនិធិសកល និងដៃគូអភិវឌ្ឍន៍នានា។
ភាគីទាំងពីរបានផ្តោតលើសារៈសំខាន់នៃការបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីកំណត់អាទិភាព និងរៀបចំយន្តការអនុវត្តឱ្យបានច្បាស់លាស់ រួមមានសមត្ថភាពបច្ចេកទេស ការសម្របសម្រួលរវាងដៃគូ ការគ្រប់គ្រងជំនួយ ការចូលរួមរបស់សហគមន៍ និងការធានានិរន្តរភាពនៃសេវាជំងឺគ្រុនចាញ់។
ក្រសួងសុខាភិបាលសង្ឃឹមថា តាមរយៈភាពជាដៃគូ និងការគាំទ្រជាបន្តបន្ទាប់ពីមូលនិធិសកល ព្រមទាំងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ កម្ពុជានឹងអាចរក្សាសមិទ្ធផលដែលសម្រេចបាន ពង្រឹងភាពជាម្ចាស់ជាតិ និងបន្តដំណើរឆ្ពោះទៅរកគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ និងទប់ស្កាត់ការកើតឡើងវិញនៃការចម្លងជំងឺប្រកបដោយចីរភាព។