ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៦
ខេត្តត្បូងឃ្មុំ៖ ពីថ្ងៃទី២២ ដល់ទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូពេទ្យកុមារកម្ពុជា បានចូលរួមជាអធិបតីនៃសិក្ខាសាលា ដើម្បីការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្រ្តកុមារលើកទី៦ នៅខេត្តត្បូងឃ្មុំ។
ក្នុងសិក្ខាសាលានេះ ឯកឧត្ដមសាស្ត្រាចារ្យរង បានលើកឡើងជាអាទិ៍៖
១-ការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្រ្តកុមារ មានសារៈសំខាន់ ក្នុងការចែករំលែកនូវបទពិសោធន៍ និងការធ្វើបច្ចុប្បន្នភាពចំណេះដឹងវិជ្ជាជីវៈ ដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតលើផ្នែកវេជ្ជសាស្ត្រកុមារ ដែលជាចំណុចមិនអាចខ្វះបាននៃអាជីពជាគ្រូពេទ្យ។
២-សូមឲ្យសិក្ខាកាមម្នាក់ៗ ពេលវិលត្រឡប់ទៅមូលដ្ឋានវិញជួយចែករំលែកនូវចំណេះដឹងថ្មីដល់សហភាតរៈ ដើម្បីឲ្យចំណេះដឹងកាន់តែប្រសើរ ហើយត្រូវមានទំនាក់ទំនងជាមួយគ្រូបង្គោលថ្នាក់ជាតិ។
៣-ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការថែទាំជំងឺកុមារ ជាពិសេសជំងឺគ្រុនឈាម ជំងឺរលាកផ្លូវដង្ហើម រាករួស ជាដើម ដែលជាជំងឺតែជួបញឹកញាប់ និងប៉ះពាល់ដល់សុខភាពកុមារ។
៤-សូមប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជានិច្ចក្នុងនាមជាគ្រូពេទ្យ ដើម្បីធានាថា ការបំពេញវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ ស្មោះត្រង់ គុណភាព និងជៀសវាងកំហុសឆ្គងវិជ្ជាជីវៈ។
សូមជម្រាបបន្ថែមថា សិក្ខាសាលានៃការអភិវឌ្ឍវិជ្ជាជីវៈបន្តផ្នែកវេជ្ជសាស្រ្តកុមារនៃគ្រូពេទ្យកុមារកម្ពុជា បានដំណើរជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ២០១៩ តរៀងមកជាទៀងទាត់ និងបានរៀបចំធ្វើក្នុងលក្ខណៈជា ៤តំបន់ ដែលក្នុងមួយតំបន់ៗមានគ្រូពេទ្យកុមារមកពីខេត្ត៦ចូលរួម។ ជាក់ស្ដែង នៅពេលនេះ បានប្រារព្ធនៅខេត្តត្បូងឃ្មុំ (តំបន់បូព៌ា) ជាលើកទី៦ និងមានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៖ ចុះអនុវត្ត និងពិនិត្យជំងឺផ្ទាល់ និងថ្ងៃទី២៖ បង្ហាញប្រធានបទសំខាន់ដោយវាគ្មិនឯកទេសរោគកុមារមកពីមន្ទីពេទ្យគន្ធបុប្ផានិងកុមារជាតិ។
ប្រធានបទដែលបានចែករំលែកវគ្គនេះ គឺមានគ្រុនឈាមធ្ងន់ធ្ងរ ( extended dengue syndrome) បង្ហាញដោយវេជ្ជបណ្ឌិតឯកទេស ញ៉ាណ ច័ន្ទសំណាង អនុប្រធានផ្នែកសង្គ្រោះបនញទាន់កម្រិតខ្ពស់នៃមន្ទីរពេទ្យគន្ធបុប្ផា។ ជំងឺហឺតធ្ងន់ធ្ងរនៃកុមារ បង្ហាញដោយវេជ្ជបណ្ឌិតឯកទេស សួន ពិសី ប្រធានផ្នែកសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាទី២ និងអាឡែកស៊ីទឹកដោះគោ បង្ហាញដោយវេជ្ជបណ្ឌិតឯកទេស សឹងសុពុទ្ធិឫទ្ធ នៃមន្ទីពេទ្យកុមារជាតិ។
សិក្ខាសាលានេះ មានការចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តត្បូងឃ្មុំ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត ប្រធានមន្ទីពេទ្យបង្អែកសួង សមាជិកក្រុមប្រឹក្សានៃសគកក និងសិក្ខាកាមមកពីមន្ទីពេទ្យខេត្តចំនួន៦ រួមមានខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងកំពង់ឆ្នាំង។