Cambodia
ព័ត៌មានលំអិត

Image
ពិធីបើក «សន្និសីទវិទ្យាសាស្ត្រអន្តរជាតិ និងខួប ១០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ»។

ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី២៤ ខែតុលា ឯកឧត្តម វេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម អ៊ិស៊ិហ្សូគី ហ៊ីដេអូ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សន្និសីទវិទ្យាសាស្ត្រអន្តរជាតិ និងខួប ១០ឆ្នាំ នៃការបង្កើតមន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ ភ្នំពេញ» ដែលប្រារព្ធឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមមូលបទ «ការរៀបចំប្រព័ន្ធថែទាំសុខភាពរួមបញ្ចូលគ្នា សម្រាប់អ្នកជំងឺមហារីកតាមគ្រប់ដំណាក់កាលនៃជីវិត៖ ការថែទាំដែលផ្តោតលើអ្នកជំងឺ ចាប់ពីការបង្ការជំងឺ រហូតដល់ការថែទាំសម្រន់»។
ការរៀបចំប្រព័ន្ធថែទាំសុខភាពនេះ គឺឆ្លើយតបយ៉ាងចំទិសដៅទៅនឹង យុទ្ធសាស្ត្របញ្ចាកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់យក «មនុស្ស» ជាអាទិភាពគន្លឹះទី១ ក្នុងការកសាងមូលធនមនុស្សដែលមានសុខភាពល្អ និងសុខុមាលភាពខ្ពស់។

សន្និសីទនេះ ជាយន្តការទ្រទ្រង់ដោយផ្ទាល់ដល់ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ និងផែនការយុទ្ធសាស្ត្រសុខាភិបាល ឆ្នាំ២០២៥-២០៣៤ ក្នុងការប្តូរទិសដៅពីការព្យាបាល ទៅការផ្តោតលើការបង្ការ និងការលើកកម្ពស់សុខភាព ដោយឈរលើគោលការណ៍៖ (១)គំនិតយុទ្ធសាស្ត្រ​ (២)ស្ថាប័នមានទ្រព្យកោសល្យសមស្របនិងការអភិវឌ្ឍធនធានមនុស្ស (៣)ហិរញ្ញវត្ថុសុខាភិបាលចីរភាព និងសមធម៌ (៤)សេវាថែទាំសុខភាពមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព និង (៥)អនុលោមភាពនិយ័តកម្ម និងគោល     នយោបាយ។

ក្រសួងសុខាភិបាល ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសម្រេចឱ្យបាននូវ ការគ្របដណ្តប់សុខភាពជាសកល (UHC) ដើម្បីធានាថាប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានសេវាថែទាំសុខភាព ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ ដោយមិនប្រឈមនឹងហានិភ័យហិរញ្ញវត្ថុ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីពង្រឹងការថែទាំអ្នកជំងឺផងដែរ រួមមាន៖
1-ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺរវាងមូលដ្ឋានថែទាំសុខភាពបឋម មន្ទីរពេទ្យរដ្ឋ និងឯកជន ឱ្យមានភាពរលូន និងទាន់ពេលវេលា។
2-ជំរុញការបណ្តុះបណ្តាលធនធានមនុស្សផ្នែកឯកទេសជំងឺមហារីក និងការថែទាំសម្រន់។
3-អភិវឌ្ឍប្រព័ន្ធទិន្នន័យ និងការចុះបញ្ជីជំងឺមហារីកថ្នាក់ជាតិ (National Cancer Registry) ឱ្យបានត្រឹមត្រូវ។
4-ពង្រីកសេវាថែទាំសម្រន់ (Palliative Care) ដល់កម្រិតសហគមន៍ និងតាមផ្ទះ ដើម្បីជួយសម្រាលការឈឺចាប់ដល់អ្នកជំងឺដំណាក់កាលចុងក្រោយ។

សន្និសីទនេះមានការចូលរួមពី វេជ្ជបណ្ឌិត គិលានុបដ្ឋាក សិស្ស និស្សិត និងភ្ញៀវជាតិ អន្តរជាតិប្រមាណ ៥០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image