Cambodia
ព័ត៌មានលំអិត

Image
សន្និសីទប្រចាំឆ្នាំ លើកទី១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ៖ «បច្ចុប្បន្នភាពជំងឺកុមារ ៧»។

ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៦

ខេត្តសៀមរាប៖ ព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទប្រចាំឆ្នាំ លើកទី១០ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ៖ «បច្ចុប្បន្នភាពជំងឺកុមារ ៧» នៅសណ្ឋាគារសុខា សៀមរាប ខេត្តសៀមរាប។

សន្និសីទប្រចាំឆ្នាំលើកទី១០ រៀបចំឡើងក្នុងគោលបំណង លើកកម្ពស់ការថែទាំសុខភាព ប្រកបដោយក្តីមេត្តាករុណា និងផ្តោតលើអ្នកជំងឺជាអាទិភាព។ ចែករំលែកលទ្ធផលស្រាវជ្រាវ និងពង្រឹងសមត្ថភាពរបស់អ្នកជំនាញសុខាភិបាល ក្នុងការកំណត់ស្វែងរក វាយតម្លៃ និងគ្រប់គ្រងកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ បង្កើនចំណេះដឹងផ្នែកគិលានុបដ្ឋាក និងជំនាញគ្លីនិកក្នុងការវាយតម្លៃ និងគ្រប់គ្រងទារកដែលមានបញ្ហាលំបាកក្នុងការបំបៅ ឬផ្ដល់អាហារដោយលើកកម្ពស់ការផ្តល់អាហារូបត្ថម្ភប្រកបដោយសុវត្ថិភាព ការតាមដានប្រកបដោយប្រសិទ្ធភាព។

នាឱកាសនេះផងដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានថ្លែងថា សន្និសីទថ្ងៃនេះ គឺពិតជាព្រឹត្តិការណ៍មួយក្នុងការលើកកម្ពស់នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើឱ្យមានសុក្រឹតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា ដែលជាធនធានចាំបាច់ក្នុងការគាំទ្រដល់ការរីកចម្រើននៃវិស័យសុខាភិបាល។ សកម្មភាពទាំងឡាយ ដែលមន្ទីរពេទ្យកំពុងតែធ្វើនេះ គឺស្រប និងអនុលោមទៅតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលសំដៅលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាជននិងកុមារ។

ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានផ្តល់មតិផ្តាំផ្ញើ មានដូចខាងក្រោម៖
១.ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ ប្រកបដោយក្តីអាណិតអាសូរដល់កុមារ និងក្រុមគ្រួសារ
២.រៀនសូត្រជាប្រចាំពេញមួយជីវិត ដើម្បីពង្រឹងសមត្ថភាព ដោយទទួលបាននូវអ្វីៗពាក់ព័ន្ធនឹងការព្យាបាលឱ្យទាន់ការវិវឌ្ឍនរបស់វិទ្យាសាស្ត្រ
៣.ការថែទាំព្យាបាលកុមារ ត្រូវចាត់ទុកកុមារដែលជាអ្នកជំងឺទាំងអស់ ដូចជាកូនចៅបង្កើតរបស់យើង
៤.យកចិត្តទុកដាក់និយាយទំនាក់ទំនងឱ្យបានស្និតស្នាលជាមួយមាតាបិតាកុមារ ស្តាប់នូវកង្វល់របស់គាត់ដោយយកចិត្តទុកដាក់
៥.ការថែទាំព្យាបាលត្រូវយកចិត្តទុកដាក់ក្នុងការពន្យល់ដល់មាតាបិតា យល់ពីជំងឺ និងតម្រូវការ ជាពិសេសទៀតនោះត្រូវបញ្រ្ជៀបជានិច្ចជាមួយការអប់រំចាំបាច់ទាំងឡាយ ជូនដល់មាតាបិតាឱ្យកាន់តែយល់ច្បាស់ពីជំងឺកូនរបស់គាត់ និងការការពារទាំងឡាយដែលពាក់ព័ន្ធ។

សូមបញ្ជាក់ផងដែរថា សន្និសីទនេះមានការអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក អ្នកវិជ្ជាជីវៈផ្នែកពិនិត្យព្យាបាល ថែទាំកុមារ និងទារក មកពីស្ថាប័នរដ្ឋ និងឯកជន សរុបចំនួន ៥៥០នាក់ ចូលរួមផ្ទាល់ចំនួន ២៥០នាក់ និងតាមរយៈអនឡាញ ៣០០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10

រូបភាព Gallery
1 / 1
Gallery image