ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្ដារនីតិសម្បទា អ្នកញៀនគ្រឿងញៀន (គ.ព.ស.គ.ញ) បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការថែទាំ និងព្យាបាលអ្នកញៀនគ្រឿងញៀន» ជូនវេជ្ជបណ្ឌិត និងគិលានុបដ្ឋាក បម្រើការនៅតាមមូលដ្ឋានសុខាភិបាល និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន រដ្ឋ និងឯកជន ។
ក្នុងងឱកាសនេះ ឯកឧត្តរដ្ឋលេខាធិការ បានមានប្រសាសន៍ថា បញ្ហាគ្រឿងញៀន និងការប្រើប្រាស់សារធាតុញៀន គឺជាបញ្ហាស្មុគស្មាញ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខុមាលភាព សង្គម សេដ្ឋកិច្ច និងសន្តិសុខសង្គម។ ភស្តុតាងវិទ្យាសាស្រ្តបានបង្ហាញថា ភាពញៀនគ្រឿងញៀនអាចព្យាបាលបាន ដែលទាមទារឱ្យមានការថែទាំបន្តបន្ទាប់ និងការគាំទ្ររយៈពេលវែង។
ជាមួយគ្នានេះ ឯកឧត្តរដ្ឋលេខាធិការ បានអំពាវនាវ ឱ្យមានការចូលរួមកាត់បន្ថយការរើសអើង ចំពោះអ្នកប្រើប្រាស់សារធាតុញៀន ដែលធ្វើឱ្យមានការភ័យខ្លាច និងមិនហ៊ានស្វែងរកសេវាព្យាបាលទាន់ពេលវេលា។
វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួងសុខាភិបាល អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងវេជ្ជបណ្ឌិត គិលានុបដ្ឋាក បម្រើការនៅតាមមូលដ្ឋានសុខាភិបាល មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទារបស់ រដ្ឋ ឯកជន ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល សរុបចំនួន ៦០រូប។