Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ធ្វើឱ្យបាន» គឺ​ជាការប្តេជ្ញាចិត្ត​ ក្នុង​ការជំរុញការ​ងារ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ឱ្យ​បាន​កាន់​តែ​ប្រសើរឡើង ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ក្រោយពីហានិភ័យនៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់

ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រសួងសុខាភិបាលបានរៀបចំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ និងពិនិត្យសម្រេចលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់២០២៧–២០៣១។
 
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី អនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិកាត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអញ្ជើញមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី ខេត្តទាំង២៥ ព្រមទាំងតំណាងអង្គភាពពាក់ព័ន្ធ សរុបចំនួន ៨៧រូប។
 
កិច្ចប្រជុំបង្ហាញ​ពី​វឌ្ឍនភាព នៃ​ការងារត្រួតពិនិត្យផលិតផលថ្នាំជក់នៅកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួងសុខាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមពង្រឹងការអនុវត្តច្បាប់ អនុក្រឹត្យ និងប្រកាសនានា ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ការអប់រំផ្លាស់ប្តូរឥរិយាបថ ការជំរុញសេវាផ្តល់ប្រឹក្សា​លះបង់ទម្លាប់​ប្រើប្រាស់ផលិតផលថ្នាំជក់ រួម​ទាំង​ការ​បង្ក្រាប​ផលិតផល​ថ្នាំ​ខុស​ច្បាប់និង​ក្លែងក្លាយ និង​បារី​អេឡិច​ត្រូ​និក។ លើស​ពី​នេះ ​អង្គ​ប្រជុំក៏បាន​ពិភាក្សា​យ៉ាងផុលផុស ដើម្បី​រក​ដំណោះ​ស្រាយនូវ​បញ្ហា​ប្រឈមនានា ​ក្នុង​អំឡុងពេល​អនុវត្ត​ការ​ងារត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់កន្លង​មក ព្រមទាំង​បានបញ្ចប់ការ​ពិនិត្យ និង​សម្រេច​លើ​ផែន​ការ​យុទ្ធ​សាស្ត្រ ស្តី​ពីការ​ត្រួត​ពិនិត្យ​ផលិត​ផល​ថ្នាំ​ជក់ ២០២៧-២០៣១ ដោយជោគជ័យផងដែរ។

ឯកឧត្តម​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ​ខេត្ត​ ព្រម​ទាំង​ភាគី​ពាក់​ព័ន្ធ រួមគ្នាបន្តអនុវត្តការងារត្រួតពិនិត្យផលិតផលថ្នាំជក់បន្ថែមទៀត ពិនិត្យ លើបញ្ហាប្រឈមនៃការអនវុត្តអន្តរាគមន៍កន្លងមក កំណត់នូវអាទិភាព យន្តការ និងកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន ដើម្បីការពារមនុស្សជំនាន់នេះ និងជំនាន់ថ្មីពីហានិភ័យ នៃការប្រើប្រាស់ផលិតផលថ្នាំជក់ និងការស្រូបផ្សែងផលិតផលថ្នាំជក់ ដោយ៖

១. រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រើ​ប្រាស់ផែនការយុទ្ធសាស្ត្រ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ២០២៧–២០៣១ ដើម្បីធ្វើផែនការប្រចាំឆ្នាំដោយ​ដាក់​បញ្ចូលសកម្មភាពការងារត្រួតពិនិត្យផលិតផលថ្នាំជក់ឱ្យមានប្រសិទ្ធភាព។

២. ជំរុញការតាមដាន និងអនុវត្តជាប្រចាំ នូវការបង្ក្រាបផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារី អេឡិចត្រូនិក ដោយពង្រឹងកិច្ចសហការរវាងស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត ក្នុងការតាមដាន និងចាត់វិធានការបង្ក្រាប ទីតាំងផលិតស្តុកទុក និងចែកចាយផលិតផលថ្នាំជក់ខុសច្បាប់ និងក្លែងក្លាយ និងបារីអេឡិចត្រូនិក។

៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការតាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ជាពិសេសវិធានការហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហកម្មថ្នាំជក់ ការបោះពុម្ពសារព្រមានសុខភាពជារូបភាព និងភាសាខ្មែរលើកញ្ចប់ផលិតផលថ្នាំជក់ និងវិធានការហាមជក់ ឬបង្ហុយផ្សែងថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។
 
៤. បន្តជំរុញការអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យបានទូលំទូលាយ ជាពិសេសដល់សិស្ស និស្សិត យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋ បង្កើនការយល់ដឹង និងលើកទឹកចិត្តឱ្យជៀសវាងការចាប់ផ្តើមប្រើប្រាស់ ឬលះបង់ការប្រើប្រាស់។

៥. ពង្រឹងការអនុវត្តបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក សារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា តាមសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីការពារកុមារ និងយុវជនពីផលិតផលដែលបង្កហានិភ័យដល់សុខភាព។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image