Cambodia
ព័ត៌មានលំអិត

Image
ពិធីសម្ពោធដាក់ឱ្យដំណើរការសេវាថែទាំជើងអ្នកជំងឺទឹកនោមផ្អែម តាមរយៈផ្នែកស្ដារលទ្ធភាពពលកម្ម ក្នុងមន្ទីរពេទ្យ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦

ខេត្តកណ្ដាល៖ ថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសេវាថែទាំជើងអ្នកជំងឺទឹកនោមផ្អែម តាមរយៈផ្នែកស្ដារលទ្ធភាពពលកម្មក្នុងមន្ទីរពេទ្យ (Hospital-Based Rehabilitation Unit - HBRU) នៅមន្ទីរពេទ្យបង្អែកជ័យជំនះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ជាពិសេសស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដែលតែងតែឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល ជាពិសេសផ្នែកស្ដារលទ្ធភាពពលកម្ម។ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់កម្មវិធី ACCESS 2 និងដៃគូពាក់ព័ន្ធដូចជា Exceed Worldwide ព្រមទាំងអង្គការដទៃទៀត ដែលបានសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំកន្លែងផ្ដល់សេវាព្យាបាល និងផ្ដល់សម្ភារៈឧបករណ៍ជំនួយ សម្រាប់ជនមានពិការភាព ព្រមទាំងការបង្កើតសេវាព្យាបាលដំបៅជើងអ្នកជំងឺទឹកនោមផ្អែម។

ជាក់ស្ដែងក្នុងថ្ងៃនេះ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងខេត្តកណ្ដាល បានចាប់ផ្ដើមដំណើរការផ្នែកស្ដារលទ្ធភាពពលកម្មនេះ ដើម្បីផ្ដល់សេវាថែទាំ និងគាំទ្រដល់ជនមានពិការភាព ឱ្យកាន់តែងាយស្រួលក្នុងការមកទទួលសេវា និងទទួលបានការថែទាំសមស្របតាមតម្រូវការ។

ឯកឧត្តមបានគូសបញ្ជាក់ថា សេវាស្ដារលទ្ធភាពពលកម្មមានសារៈសំខាន់ក្នុងការជួយប្រជាពលរដ្ឋរក្សាសមត្ថភាពមុខងាររាងកាយ ស្វ័យភាពក្នុងការរស់នៅ និងលើកកម្ពស់គុណភាពជីវិត ជាពិសេសសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងប្រជាពលរដ្ឋដែលមានតម្រូវការស្ដារលទ្ធភាពពលកម្ម។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់មន្ទីរសុខាភិបាល និងថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកជ័យជំនះ ឱ្យបន្តផ្សព្វផ្សាយសេវានេះដល់គ្រប់មូលដ្ឋានសុខាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងតំបន់ជុំវិញ ដើម្បីឱ្យអ្នកដែលមានតម្រូវការអាចមកទទួលសេវាបានទូលំទូលាយ។ ទន្ទឹមនឹងនេះ ក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្ដល់សេវាដោយការទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយស្នាមញញឹម។

ពិធីនេះមានការអញ្ជើញចូលរួមពីលោកស្រី Kate Sangster លេខាទី១ នៃស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា លោកប្រធានស្ដីទីមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល តំណាងអង្គការដៃគូពាក់ព័ន្ធក្នុងកម្មវិធី ACCESS 2 ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image