ថ្ងៃទី ០៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ១២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងការបើកកម្មវិធី «សន្និសីទប្រចាំឆ្នាំលើកទី១ វេជ្ជសាស្រ្តដំណេក នៃសមាគមវេជ្ជសាស្ត្រដំណេកនៃកម្ពុជា» នៅសណ្ឋាគារសុខាភ្នំពេញ។
ក្នុងពិធីនេះក៏មានការនិមន្តចូលរួមរបស់ សម្ដេច ព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព (វជិរប្បញ្ញោ) ព្រះអគ្គលេខាធិការរងថេរសភា នៃព្រះពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា បានប្រោសប្រទានធ្វើការបកស្រាយបង្ហាញអំពីការសមាធិនិងការសម្រាកដែលមានគុណភាព។
នាឱកាសនោះផងដែរ ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមាគមវេជ្ជសាស្ត្រ
ដំណេកនៃកម្ពុជា ដែលបានខិតខំប្រឹងប្រែងកកើតឡើង ប្រមូលផ្តុំអ្នកជំនាញទាំងជាតិ និងអន្តរជាតិ រួមចំណែកក្នុងការបង្កើតឱ្យមានឡើងនូវ «វេជ្ជសាស្រ្តដំណេក»។ សន្និសីទនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃសុខភាពដំណេក ពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់បុគ្គលិកសុខាភិបាល និងជំរុញការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវឌ្ឍនភាពវិទ្យាសាស្ត្រថ្មីៗ ពាក់ព័ន្ធនឹងការបង្ការ ការរកឃើញជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺទាក់ទងនឹងដំណេកដើម្បីរួមចំណែកលើកកម្ពស់គុណភាពសេវាសុខាភិបាលនៅកម្ពុជា។
ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី «លើកទឹកចិត្តអោយគ្រប់ជំនាញវេជ្ជសាស្ត្រកាន់តែកៀកកឹតជិតគ្នាដោះស្រាយបញ្ហាសុខភាពស្មុគ្រស្មាញនៃអ្នកជំងឺយើងម្នាក់ៗ (patient/family centered care culture) ដែលការថែទាំព្យាបាលគឺមិននៅត្រឹមជោគជ័យព្យាបាលរាងកាយ(physical care) ប៉ុណ្ណោះទេ គឺថែមទាំងការគាំទ្រផ្លូវចិត្ត និងស្មារតី (mental and spiritual support) ដែលទាំអស់រួមគា្នទើបអាចនិយាយបានថាការថែទាំព្យាបាលពេញលេញ»។
សមាគមបានលើកឡើង អំពីសារៈសំខាន់នៃដំណេក ដែលជាកត្តាមូលដ្ឋានដ៏ចាំបាច់ សម្រាប់សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងគុណភាពជីវិត។ ជំងឺទាក់ទងនឹងដំណេក ជាពិសេសជំងឺស្ទះផ្លូវដង្ហើមពេលគេង (OSA) គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺលើសសម្ពាធឈាម ជំងឺបេះដូង និងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺធាត់ និងបញ្ហាសុខភាពផ្លូវចិត្ត ព្រមទាំងប៉ះពាល់ដល់សមត្ថភាពការងារ និងសុវត្ថិភាពក្នុងជីវភាពប្រចាំថ្ងៃ។ ពាក់ព័ន្ធនឹងប្រធានបទសំខាន់នៃសន្និសីទ «ដំណេកប្រសើរ ជីវិតស្រស់បំព្រង» បានសង្កត់ធ្ងន់ថាការលើកកម្ពស់គុណភាពដំណេក និងការគ្រប់គ្រងជំងឺទាក់ទងនឹងដំណេកឱ្យបានត្រឹមត្រូវ មិនត្រឹមតែជួយកែលម្អសុខភាពនិងគុណភាពជីវិត របស់អ្នកជំងឺប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង រួមចំណែកក្នុងការកាត់បន្ថយផលវិបាកនៃជំងឺមិនឆ្លង។
ដូច្នេះ ការពង្រឹងការយល់ដឹង ការធ្វើរោគវិនិច្ឆ័យ ឱ្យបានទាន់ពេលវេលា និងការផ្តល់ការព្យាបាលសមស្រប ប្រកបដោយប្រសិទ្ធភាព គឺជាកត្តាចាំបាច់ ក្នុងការឆ្លើយតបទៅ នឹងតម្រូវការសុខភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សន្និសីទវិទ្យាសាស្ត្របានផ្តោតលើប្រធានបទសំខាន់ៗចំនួន១២ រួមមាន បន្ទុកនៃជំងឺទាក់ទងនឹងដំណេកនៅទូទាំងពិភពលោក យន្តការបង្កជំងឺ ការរកឃើញជំងឺនៅដំណាក់កាលដំបូង ផលប៉ះពាល់នៃជំងឺស្ទះផ្លូវដង្ហើមពេលគេងទៅលើប្រព័ន្ធបេះដូង និងសរសៃឈាម ប្រព័ន្ធប្រសាទ ផ្នែកត្រចៀកច្រមុះ និងបំពងក ផ្នែកមាត់ធ្មេញ និងសុខភាពផ្លូវចិត្ត ព្រមទាំងទំនាក់ទំនងរវាងជំងឺធាត់ និងជំងឺស្ទះផ្លូវដង្ហើមពេលគេង។ លើសពីនេះ សន្និសីទក៏បានលើកយកវឌ្ឍនភាពថ្មីៗ នៃការព្យាបាលជំងឺទាក់ទងនឹងដំណេកមកពិភាក្សា ជាពិសេសការព្យាបាលដោយម៉ាស៊ីនសម្ពាធខ្យល់វិជ្ជមាន (CPAP) ការគ្រប់គ្រងការព្យាបាលដោយ PAP ការវាយតម្លៃ និងគ្រប់គ្រងបញ្ហាផ្លូវដង្ហើមខាងលើ ការគ្រប់គ្រងបញ្ហាផ្លូវចិត្ត ព្រមទាំងការព្យាបាលតាមវិស័យទន្តសាស្រ្ត នៃវេជ្ជសាស្ត្រដំណេក និងការប្រើប្រាស់ឧបករណ៍ក្នុងមាត់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការព្យាបាល និងការថែទាំអ្នកជំងឺ។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានអំពាវនាវដល់សមាជិកសមាគម និងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់បន្តកិច្ចសហការក្នុងការលើកកម្ពស់ចំណេះដឹង ជំនាញទៀងទាត់ ជាមួយសមាគមវិទ្យាសាស្ត្រ និងគណៈវិជ្ជាជីវៈ បន្តតម្កល់ខ្ពស់ក្រមសីលធម៌វិជ្ជាជីវៈ សំដៅគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពអ្នកជំងឺ។