Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី «ការដាក់ឱ្យអនុវត្តសកម្មភាពផែនការជាតិសុខភាពមាត់ធ្មេញ ឆ្នាំ២០២៣-២០៣០ សម្រាប់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិទូទាំង២៥រាជធានី-ខេត្ត»
ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៤

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ១០កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់សុខភាពមាត់-ធ្មេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការដាក់ឱ្យអនុវត្តសកម្មភាពផែនការជាតិសុខភាពមាត់ធ្មេញ ឆ្នាំ២០២៣-២០៣០ សម្រាប់មន្ត្រីបង្គោលថ្នាក់ក្រោមជាតិទូទាំង២៥រាជធានី-ខេត្ត» ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការសុខភាពពិភពលោក។

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ផ្តោតសំខាន់លើការអនុវត្តផែនការសកម្មភាពជាតិសុខភាពមាត់-ធ្មេញ ឆ្នាំ២០២៣-២០៣០ ស្របតាមគោលដៅយុទ្ធសាស្ត្រសំខាន់ប្រាំមួយចំណុចរួមមាន៖
១. ពង្រឹងសមត្ថភាពដឹកនាំ អភិបាលកិច្ច និងសហប្រតិបត្តិការ ជាមួយដៃគូថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
២. អភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយៈការផ្តល់សេវាថែទាំបឋម ដើម្បីពង្រីកការគ្របដណ្តប់សុខភាពជាសកល 
៣. ពង្រឹង និងជំរុញឱ្យមានការលើកកម្ពស់ និងការថែទាំការពារសុខភាពមាត់-ធ្មេញ សម្រាប់កុមារតូច នៅតាមសហគមន៍
៤. ជំរុញការលើកកម្ពស់សុខភាពមាត់-ធ្មេញ តាមគ្រឹះស្ថានសិក្សា  
៥. បង្កើត និងជំរុញការផ្តល់សេវាថែទាំព្យាបាលមាត់-ធ្មេញ ឱ្យបានត្រឹមត្រូវសម្រាប់មនុស្សចាស់
៦. បង្កើនសមត្ថភាពស្រាវជ្រាវរកជំងឺ មហារីក ប្រអប់មាត់ ប្រភេទដំបៅកើតមាននៅក្នុងមាត់ និងថ្គាម ដែលមានហានិភ័យប្រឈមខ្ពស់ ក្នុងការវិវត្តន៍ទៅជាជំងឺមហារីក។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី លោក យិន សារ៉េន អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព លោកវេជ្ជបណ្ឌិត គង់ ច័ន្ទធា តំណាងឯកឧត្តមប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកវេជ្ជបណ្ឌិត ឃឹម សំអាត តំណាងអង្គការសុខភាពពិភពលោក ថ្នាក់ដឹកនាំការិយាល័យសុខភាពមាត់-ធ្មេញ មន្ត្រីជំនាញការិយាល័យសុខភាពមាត់-ធ្មេញ និងអង្គការដៃគូនានា ព្រមទាំងមន្ត្រីបង្គោលទទួលបន្ទុកការងារលើកកម្ពស់សុខភាពមាត់-ធ្មេញ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត សរុបមានចំនួន៤១ រូប៕

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8