Cambodia
ព័ត៌មានលំអិត

Image
«គ្រូពេទ្យល្អមិនមែនគ្រាន់តែជាអ្នកដែលមានចំណេះដឹងខ្ពស់ និងព្យាបាលជំងឺបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដែលបន្តរៀនសូត្រ ប្រកាន់ខ្ជាប់ក្រមសីលធម៌ និងមានការទទួលខុសត្រូវខ្ពស់ចំពោះជីវិត និងសុខភាពរបស់អ្នកជំងឺ»។

ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យជាតិ បានអញ្ជើញជាអធិបតី ក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តរួមជាមួយពិធីផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានី។
 
ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថាក្នុងបរិបទដែលវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងបច្ចេកវិទ្យាសុខាភិបាល កំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស ការអភិវឌ្ឍវិជ្ជាជីវៈបន្តមិនមែនជាជម្រើសទៀតទេ ប៉ុន្តែជាកាតព្វកិច្ចសម្រាប់គ្រូពេទ្យគ្រប់រូប។ គ្រូពេទ្យម្នាក់ៗមិនអាចពឹងផ្អែកតែលើចំណេះដឹងដែលទទួលបាននៅពេលសិក្សាបញ្ចប់នោះទេ គឺត្រូវបន្តសិក្សាស្រាវជ្រាវ ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងពង្រឹងជំនាញជាប្រចាំ ដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យ ការសម្រេចចិត្តព្យាបាល និងការថែទាំអ្នកជំងឺ ស្របតាមស្តង់ដារវិទ្យាសាស្ត្រវេជ្ជសាស្ត្រទំនើប។
 
ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកថា កិត្តិយស និងទំនុកចិត្តរបស់វិជ្ជាជីវៈគ្រូពេទ្យ មិនត្រូវបានកសាងតាមរយៈចំណេះដឹង ឬសមត្ថភាពព្យាបាលតែមួយមុខនោះទេ ប៉ុន្តែត្រូវបានកសាងតាមរយៈសុចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវចំពោះអ្នកជំងឺផងដែរ។ ឯកឧត្តមបានអំពាវនាវដល់គ្រូពេទ្យគ្រប់រូបឱ្យចងចាំនូវគោលការណ៍សំខាន់បី៖
១.បន្តរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពជានិច្ច ដើម្បីធានាថាយើងផ្តល់សេវាដោយផ្អែកលើចំណេះដឹង និងភស្តុតាងវិទ្យាសាស្ត្រដែលទាន់សម័យ។
២.ប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងសុចរិតភាពវិជ្ជាជីវៈ ដោយគោរពសិទ្ធិ សេចក្តីថ្លៃថ្នូរ និងការសម្រេចចិត្តរបស់អ្នកជំងឺ។
៣.ដាក់សុវត្ថិភាព និងផលប្រយោជន៍អ្នកជំងឺជាអាទិភាពខ្ពស់បំផុត ក្នុងរាល់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការផ្តល់សេវាសុខាភិបាល។
 
ក្នុងអង្គពិធីនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានធ្វើបទបង្ហាញជូនអង្គទិវាអំពីបេសកកម្មរបស់គណៈគ្រូពេទ្យរួមមាន៖
១.ឃ្លាំមើល៖ គោលការណ៍សីលធម៌ ភាពសុច្ចរិត យុត្តិធម៌ និងភក្ដីភាពចាំបាច់ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ
២.ធានាការពារកិត្តយស និងឥស្សរភាព របស់អ្នកវិជ្ជាជីវៈវេជ្ជសាស្ត្រ និងច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា»  ដោយសង្កត់ធ្ងន់លើចំណុចសំខាន់ៗអំពី លក្ខខណ្ឌតម្រូវជាកាតព្វកិច្ចសម្រាប់ការប្រកបវិជ្ជាជីវៈ សម្បទាក្នុងការប្រកបវិជ្ជាជីវៈ ទណ្ឌកម្មខាងវិន័យ និងបណ្តឹងតវ៉ា។

ឯកឧត្តមសាស្រ្តាចារ្យ សុខ ជួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិបានធ្វើបទបង្ហាញអំពីគោលការណ៍ក្រមសីលធម៌វេជ្ជសាស្រ្ត ជាគោលការណ៍កំរិតទស្សនៈវិជ្ជា ដែលកំណត់ពីអ្វីដែលត្រូវ និងអ្វីដែលខុស នៅក្នុងការងារថែទាំ និងព្យាបាលជំងឺ (វេជ្ជសាស្រ្ត)។ ក្រមសីលធម៌វេជ្ជសាស្រ្ត ឈរលើគោលការណ៍ចំនួន៤ សម្រាប់ណែនាំគ្រូពេទ្យក្នុងការពិចារណាមុនសម្រេចចិត្តផ្តល់ការព្យាបាល និងមុនអនុវត្តទម្រង់កិច្ចការថែទាំ និងព្យាបាល ដើម្បីធានាថា ការងារនោះត្រូវបានធ្វើឡើងប្រកបដោយភាពមានវិជ្ចាជីវៈ (professionalism) គោលការណ៍ក្រមសីលធម៌ទាំង ៤ រួមមាន៖
-គោរពស្វ័យភាពរបស់អ្នកជំងឺ (autonomy)
-គិតប្រយោជន៍អោយអ្នកជំងឺ (beneficence)
-មិនបង្ករគ្រោះថ្នាក់ដល់អ្នកជំងឺ (non-maleficence)
-យុត្តិធម៌ក្នុងការបម្រើរសេវាពិនិត្យព្យបាល ( Justice)។

សូមបញ្ជាក់ថា ទិវានេះមានការអញ្ជើញចូលរួមដោយផ្ទាល់ចំនួន ៥៣០នាក់ និងតាមរយៈប្រព័ន្ធអនឡាញ (Zoom) ចំនួន ១១២៥នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19

រូបភាព Gallery
1 / 1
Gallery image