ថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៦
ថ្ងៃអង្គារ ១កើត ខែកក្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ២:០០នាទីរសៀល ក្រសួងសុខាភិបាល បានរៀបចំវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១៤០ ដែលមានមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) សរុបចំនួន ៣៦៥០នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល នៅមន្ទីរពេទ្យបង្អែកស្រុក/ខេត្ត ចំនួន ១២៧០នាក់។
នៅក្នុងជួបជុំនេះ ក្រៅពីការរំលឹកឡើងវិញពីប្រធានបទ ដែលបានបណ្តុះបណ្តាលកន្លងមក ក៏មានបទបង្ហាញដែលធ្វើឡើង ដោយក្រុមការងារមកពីមន្ទីរពេទ្យបង្អែកស្រុកពារាំង នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រៃវែង។ ក្រុមការងាររបស់មន្ទីរពេទ្យបង្អែកពារាំង បានធ្វើបង្ហាញពីការអភិវឌ្ឍន៍មន្ទីរពេទ្យជាបន្តរបន្ទាប់ ទាំងហេដ្ឋារចនាសម្ពន្ធ័ និងការបន្តកែរលម្អគុណភាពសេវា។
ជាសមិទ្ធិផល មន្ទីរពេទ្យបង្អែកពារាំងបានទាក់ទាញប្រជាពលរដ្ឋ ឱ្យមកប្រើប្រាស់សេវាក្នុងឆ្នាំ២០២៦ បានកាន់តែច្រើនជាងឆ្នាំ២០២៥ និងមានគោលបំណង ពង្រើកសេវាថែទាំមាត់ធ្មេញបន្តទៀត។
បន្ថែមពីលើនេះ មន្ទីរពេទ្យបង្អែកពារាំងក៏បានដើរតួនាទីសំខាន់ នៅក្នុងការពង្រឹងប្រព័ន្ធសេវាសុខាភិបាល ស្រុកប្រតិបត្តិដោយបានជួយគាំទ្រផ្នែកបច្ចេកទេស ដល់មណ្ឌលសុខភាពនៅក្នុងតំបន់គ្របដណ្តប់របស់ខ្លួន។