ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៦
ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរង ហេង ប៊ុនគៀត រដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចុះអភិបាលការងារគ្រប់គ្រងឱសថនៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3)។
ការចុះត្រួតពិនិត្យនេះ ផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖
១)អនាម័យក្នុង និងក្រៅឃ្លាំងឱសថ
២)ការងាររៀបចំទុកដាក់ឱសថតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល
៣)ស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយឱ្យចំគោលដៅ
៤)លើកកម្ពស់គុណភាព និងសុវត្ថិភាពសេវា ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋ
៥)បន្តអភិវឌ្ឍន៍សមត្ថភាពមន្ត្រីតាមការបណ្ដុះបណ្ដាល
៦)ការងារគ្រប់គ្រងឱសថញៀន នៅក្នុងមន្ទីរពេទ្យបង្អែកមន្ទីរពេទ្យខេត្ត(CPA3)
៧)ការងារគ្រប់គ្រងឱសថ នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3)។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងបានសម្តែងនូវការកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ជូនដល់មន្ត្រី មន្ទីរពេទ្យបង្អែកស្រុកកម្រិត(CPA1) និងមន្ទីរពេទ្យខេត្តកម្រិត(CPA3) នៅក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ដែលបានខិតខំបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ ព្រមជាមួយការណែនាំឱ្យមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តស្មារតីរួបរួមសាមគ្គីគ្នា ចេះជួយគ្នា ចេះសម្របសម្រួលការងារឱ្យបានល្អប្រសើរគោរពវិន័យការងារក្នុងការព្យាបាលជំងឺ និងត្រូវបម្រើសេវាឱ្យបាន២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ គោរពក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួម ដើម្បីបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសមធម៌។
គួរបញ្ជាក់ផងដែរថា មន្ទីរពេទ្យដែលចុះអភិបាលមានដូចជា៖
ក្នុងខេត្តព្រះវិហារ
១.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត(CPA1)
២.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យខេត្ត១៦ មករា(CPA3)
ខេត្តឧត្តរមានជ័យ
១.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យបង្អែកអន្លង់វែង(CPA1)
២.ផ្នែកគ្រប់គ្រងឱសថមន្ទីរពេទ្យខេត្តឧត្តរមានជ័យ(CPA3)។