Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាព រវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការរកឃើញ និងធ្វើរោគវិនិច្ឆ័យ ភ្នាក់ងារបង្កជំងឺ ដែលមានហានិភ័យខ្ពស់»

ថ្ងៃទី ១១ ខែ វិច្ឆិកា ឆ្នាំ ២០២៦

ខេត្តបាត់ដំបង៖ ព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យខេត្តបាត់ដំបង ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានចូលរួមជាអធិបតី ក្នុងពិធីបើកអង្គសិក្ខាសាលាស្តីពី «ការពង្រឹងសមត្ថភាព រវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការរកឃើញ និងធ្វើរោគវិនិច្ឆ័យភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់»។

សិក្ខាសាលានេះមានគោលបំណងពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស និងកិច្ចសហការរវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការរកឃើញ និងការកំណត់រោគវិនិច្ឆ័យភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់ ដើម្បីធានាបានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺឆ្លង ដែលអាចបង្កហានិភ័យដល់សុខភាពសាធារណៈ។

ខ្លឹមសារសិក្ខាសាលាផ្តោតលើការកំណត់អត្តសញ្ញាណរោគសញ្ញាគ្លីនិក និងការសង្ស័យជំងឺ ដែលបង្កឡើងដោយភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់ ការជ្រើសរើស និងការគ្រប់គ្រងសំណាកគ្លីនិក ការជ្រើសរើសវិធីសាស្ត្រធ្វើតេស្តមន្ទីរពិសោធន៍ ការបកស្រាយលទ្ធផល និងការទំនាក់ទំនងរវាងគ្រូពេទ្យ និងអ្នកមន្ទីរពិសោធន៍។ ជាពិសេស ការអនុវត្តវិធានការជីវសុវត្ថិភាព និងជីវសន្តិសុខ ការវាយតម្លៃ និងគ្រប់គ្រងហានិភ័យជីវសាស្ត្រ ការបង្ការការឆ្លងរោគក្នុងមន្ទីរពេទ្យ ព្រមទាំងការរៀបចំផែនការឆ្លើយតបចំពោះឧប្បត្តិហេតុជីវសាស្ត្រ។

លើសពីនេះ សិក្ខាសាលានឹងផ្តល់ឱកាសឱ្យសិក្ខាកាមចូលរួមពិភាក្សា និងវិភាគករណីសិក្សាជាក់ស្តែង (Case Studies) ពាក់ព័ន្ធនឹងជំងឺឆ្លង ដែលកំពុងលេចឡើង និងជំងឺឆ្លងដែលមានសក្តានុពលបង្កជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដូចជា ជំងឺរបេង ជំងឺឆ្លងផ្លូវដង្ហើម និងជំងឺឆ្លងដែលមានហានិភ័យខ្ពស់ផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពក្នុងការវាយតម្លៃស្ថានភាពជំងឺ ការសម្រេចចិត្តផ្នែកគ្លីនិក និងការជ្រើសរើសយុទ្ធសាស្ត្រធ្វើរោគវិនិច្ឆ័យសមស្រប។

ការពង្រឹងការសហការរវាងគ្រូពេទ្យ និងអ្នកបច្ចេកទេសមន្ទីរពិសោធន៍ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការយឺតយ៉ាវក្នុងការរកឃើញជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការឆ្លើយតបចំពោះការផ្ទុះឡើងនៃជំងឺឆ្លង។ ការអនុវត្តនេះក៏រួមចំណែកដល់ការពង្រឹងប្រព័ន្ធតាមដានជំងឺ ការត្រៀមលក្ខណៈឆ្លើយតបបន្ទាន់ និងសន្តិសុខសុខភាពជាតិ ស្របតាមនិយ័តកម្មសុខភាពអន្តរជាតិ (International Health Regulations – IHR 2005) គោលការណ៍សុខភាពតែមួយ (One Health) និងក្របខណ្ឌសហប្រតិបត្តិការសុខាភិបាលអាស៊ានទី២ (ASEAN Health Cluster 2)។

តាមរយៈសិក្ខាសាលានេះ ក្រសួងសុខាភិបាលរំពឹងថា សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង និងជំនាញបន្ថែម ព្រមទាំងពង្រឹងការសម្របសម្រួលការងារជាក្រុមរវាងផ្នែកគ្លីនិក និងផ្នែកមន្ទីរពិសោធន៍ ដើម្បីធានាការរកឃើញ និងធ្វើរោគវិនិច្ឆ័យភ្នាក់ងារបង្កជំងឺដែលមានហានិភ័យខ្ពស់បានទាន់ពេលវេលា មានភាពត្រឹមត្រូវ និងសុវត្ថិភាព ព្រមទាំងរួមចំណែកការពារសុខភាពបុគ្គលិកសុខាភិបាល អ្នកជំងឺ សហគមន៍ និងប្រជាជនទូទៅ ពង្រឹងសមត្ថភាពប្រព័ន្ធសុខាភិបាលកម្ពុជា និងសន្តិសុខសុខភាពក្នុងតំបន់ និងប្រកបដោយចីរភាព។

សិក្ខាសាលានេះរៀបចំឡើងដោយការិយាល័យសេវាមន្ទីរពិសោធន៍វេជ្ជសាស្ត្រ នៃនាយកដ្ឋានសេវាសុខភាព ក្រសួងសុខាភិបាល ដោយមានការគាំទ្រពីអង្គការ FHI 360 ក្រោមគម្រោង STRIDES និងមានការចូលរួមពីគ្រូពេទ្យ មកពីមន្ទីរពេទ្យថ្នាក់ជាតិ  មន្ទីពេទ្យខេត្ត  និង អ្នកបច្ចេកទេសមន្ទីរពិសោធន៍មកពីមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ សរុបចំនួន ៥០នាក់។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8

រូបភាព Gallery
1 / 1
Gallery image