ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៦
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈកម្មការប្រតិបត្តិ នៃគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល (គ.ទ.គ.ស.) ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការប្រតិបត្តិ និងឯកឧត្តមសាស្រ្តាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការ ផ្តល់ការពិគ្រោះប្រឹក្សា នៃគ.ទ.គ.ស. បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាទៅលើ៖
១. វឌ្ឍនភាពការងាររបស់គណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាល(គ.ទ.គ.ស.) ពិសេសអំពីកិច្ចការងារបន្តជាមួយសមាគមអន្តរជាតិសម្រាប់គុណភាពក្នុងការថែទាំសុខភាព (International Society for Quality in Health Care External Evaluation Association – ISQua EEA) ដែលបានទទួលស្គាល់សុខាភិបាលជាផ្លូវការ លើស្តង់ដាគុណភាពសេវាមន្ទីរពេទ្យ លើកទី២ (CHAS, 2nd Edition) ដែលបានរៀបចំឡើងដោយគណៈកម្មាធិការទទួលស្គាល់គុណភាពសេវាថែទាំព្យាបាល នៃក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (MoH HAC)។
២. ដំណើរការរបស់ក្រុមបច្ចេកទេសក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលប្រចាំខែ ដល់មណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស ស្តីពីការរៀបចំអនុវត្តដើម្បីអនុលោមតាមស្តង់ដាទទួលស្គាល់គុណភាពសេវាមណ្ឌលសុខភាព។
៣. ការពង្រឹងសមត្ថភាព និងការបណ្តុះបណ្តាលទៅលើអ្នកវាយតម្លៃរបស់ គ.ទ.គ.ស. ព្រមទាំងអ្នកសម្របសម្រួលការងារទទួលស្គាល់គុណភាពសម្រាប់មន្ទីរពេទ្យសាធារណៈ មន្ទីរពេទ្យឯកជន និងមណ្ឌលសុខភាព។