Cambodia
ព័ត៌មានលំអិត

Image
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យខេត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពប្រធានមន្ទីរពេទ្យថ្នាក់ក្រោមជាតិ និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃមន្ទីរពេទ្យ តាមរយៈការអភិវឌ្ឍ និងការដាក់ឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងមន្ទីរពេទ្យដែលមានលក្ខណៈស៊ីជម្រៅ និងស្របតាមបរិបទជាក់ស្តែងនៅកម្ពុជា។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងជា ៦ ម៉ូឌុលសំខាន់ៗ រួមមាន៖
១)ការគ្រប់គ្រងការប្រែប្រួល ការលើកកម្ពស់គុណភាព ការគ្រប់គ្រងហានិភ័យ និងការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពបន្ទាន់។
២)ប្រព័ន្ធព័ត៌មាន និងបច្ចេកវិទ្យា បរិក្ខារវេជ្ជសាស្ត្រ ឱសថ និងការគ្រប់គ្រងភស្តុភារ។
៣)អភិបាលកិច្ច ការរៀបចំផែនការយុទ្ធសាស្ត្រ និងភាពជាអ្នកដឹកនាំ។
៤)ការរៀបចំសេវាកម្ម និងការគ្រប់គ្រងធនធានមនុស្ស។
៥)ការត្រៀមខ្លួនឆ្លើយតបនឹងស្ថានភាពបន្ទាន់។
៦)ហិរញ្ញវត្ថុ ស្វ័យភាព (Autonomy) និងការគ្រប់គ្រងសមិទ្ធកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ ដល់សាលាជាន់ខ្ពស់សុខភាពសាធារណៈ ប្រទេសបារាំង (EHESP) ដែលបានសហការជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំ និងអនុវត្តកម្មវិធីបណ្តុះបណ្តាលនេះ ដែលជាការចូលរួមចំណែកគាំទ្រ ដល់ការអនុវត្តគោលនយោបាយ របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងអនុវត្ត ក្នុងគោលដៅពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់គុណភាពសេវាសុខាភិបាល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ដល់សិក្ខាកាមទាំងអស់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការសិក្សា និងការអនុវត្តការងារគ្រប់គ្រងមន្ទីរពេទ្យ ដូចខាងក្រោម៖
១)សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ ត្រូវបន្តចូលរួមឱ្យបានទៀងទាត់ និងជាប់លាប់រហូតដល់បញ្ចប់គ្រប់ម៉ូឌុលទាំង៦ ដោយចៀសវាងការផ្លាស់ប្តូរអ្នកចូលរួម ពីម៉ូឌុលមួយទៅម៉ូឌុលមួយទៀត ព្រោះអាចធ្វើឱ្យការសិក្សាមិនមានភាពស៊ីជម្រៅ និងមិនទទួលបានលទ្ធផលតាមការរំពឹងទុក។
២)បន្ទាប់ពីទទួលបានចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះ ថ្នាក់ដឹកនាំមន្ទីរពេទ្យដែលបានចូលរួម ត្រូវបន្តចែករំលែក និងបណ្តុះបណ្តាលដល់មន្ត្រី និងបុគ្គលិកក្នុងមន្ទីរពេទ្យរបស់ខ្លួន ដើម្បីចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។
៣)ត្រូវពង្រឹងការសហការជាក្រុម និងពិភាក្សារួមគ្នាមុននឹងធ្វើការសម្រេចចិត្ត ដោយយកផលប្រយោជន៍រួមរបស់មន្ទីរពេទ្យជាធំ។
៤)ត្រូវរៀបចំផែនការសកម្មភាព សម្រាប់មន្ទីរពេទ្យឱ្យបានច្បាស់លាស់ និងតាមដានពិនិត្យវឌ្ឍនភាព នៃការអនុវត្តផែនការនោះជាប្រចាំ។
៥)ត្រូវយកចិត្តទុកដាក់កែលម្អរាល់ចំណុចខ្វះខាត ដែលបានរកឃើញតាមរយៈការវាយតម្លៃជាប្រចាំ ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងមន្ទីរពេទ្យ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការធ្វើបទបង្ហាញដោយ លោកស្រីសាស្ត្រាចារ្យនាយិកា នៃសាលាជាន់ខ្ពស់សុខភាពសាធារណៈប្រទេសបារាំង (EHESP) និងសាស្ត្រាចារ្យដែលអញ្ជើញមកពីប្រទេសបារាំង។ កម្មវិធីនេះក៏មានការចូលរួមពីតំណាងនាយកដ្ឋានសេវាសុខាភិបាល វិទ្យាស្ថានសុខភាពសាធារណៈ និងប្រធានមន្ទីរពេទ្យខេត្តទូទាំងប្រទេស សរុបចំនួន ៥៨រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9

រូបភាព Gallery
1 / 1
Gallery image