ថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៦
ខេត្តសៀមរាប៖ ថ្ងៃព្រហស្បត៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសឱសថអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប ដែលកម្ពុជាជាម្ចាស់ផ្ទះ ដែលមានការចូលរួមដោយផ្ទាល់ពី ប្រតិភូដែលជាក្រុមការងារបច្ចេកទេសឱសថនៃបណ្តាប្រទេសអាស៊ាន ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប និងមន្ទីរពេទ្យគុន្ធបុប្ផា សរុបប្រមាណ១៥០នាក់។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពីប្រតិភូមកពី ប្រទេសប្រ៊ុយណេដារូសាឡឹម ព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ម៉ាឡេស៊ី សាធារណរដ្ឋសឹង្ហបុរី សាធារណរដ្ឋសង្គមនិយមវៀតណាម តំណាងមកពីលេខាធិការដ្ឋានអាស៊ាន និងដៃគូពាក់ព័ន្ធ ព្រមទាំងមានការចូលរួមតាមប្រព័ន្ធនិម្មិត Zoom ដែលមានប្រតិភូ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី សាធារណរដ្ឋហ្វីលីពីន សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ទេ និងព្រះរាជជាណាចក្រថៃឡង់ដ៏។
ថ្លែងក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ជូនកិច្ចប្រជុំមួយចំនួនដូចខាងក្រោម៖
១) ជំរុញការអនុវត្តផែនការការងារ PPWG ឆ្នាំ២០២៦-២០៣០ ដោយត្រូវបន្តបម្លែងការប្តេជ្ញាចិត្តក្នុងតំបន់ទៅជាសកម្មភាពជាក់ស្តែង ជាពិសេសការស្វែងរកវិធីសាស្ត្ររួម ដែលគិតគូរពីភាពខុសគ្នានៃប្រព័ន្ធនិយ័តកម្ម និងសមត្ថភាពរបស់រដ្ឋសមាជិកនីមួយៗ។
២) ពង្រឹងកិច្ចសហប្រតិបត្តិការនិយ័តកម្ម និងការទទួលស្គាល់គ្នាទៅវិញទៅមក ដោយត្រូវមានយន្តការអនុវត្តនិយ័តកម្មក្នុងតំបន់ឱ្យមានប្រសិទ្ធភាព រួមជាមួយនឹងការពឹងផ្អែកលើការវាយតម្លៃរបស់អាជ្ញាធរនិយ័តកម្មដែលមានសមត្ថភាព ដែលអាចជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការងារស្ទួនដែលមិនចាំបាច់ និងសម្រួលដល់ការទទួលបានឱសថ ដែលមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ប្រជាជនទូទៅ។
៣) ពង្រឹងការពិនិត្យ និងតាមដានឱសថ ក្រោយពេលអនុញ្ញាតឱ្យចរាចរលើទីផ្សារ ដោយត្រូវបន្តពង្រឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងតាមដានគុណភាព និងសុវត្ថិភាពឱសថ ព្រមទាំងការឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ចំពោះហានិភ័យដែលអាចកើតមានដោយផលិតផលឱសថ។ ដូច្នេះ កិច្ចសហប្រតិបត្តិការលើការរាយការណ៍ ឬចែករំលែកព័ត៌មានពីឱសថក្លែងបន្លំ ឬអន់គុណភាព ឬឱសថដែលគ្មានសុវត្ថិភាព តាមរយៈប្រព័ន្ធប្រកាសអាសន្នឱសថក្រោយការអនុញ្ញាតឱ្យចរាចរលើទីផ្សារ មានសារៈសំខាន់ណាស់ក្នុងការពង្រឹងប្រព័ន្ធនិយ័តកម្មនៅទូទាំងតំបន់។
សូមជម្រាបជូនថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសឱសថអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ប្រព្រឹត្តទៅនៅថ្ងៃទី៩-១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ រួមមាន៖
១) The 15th meeting of the joint sectoral committee on MRA on GMP inspection for manufacturers of medicinal products (JSC MRA GMP)
២) The 7th meeting of the Asean Pharmaceutical Testing Laboratory Committee (APTLC)
៣) The 11th meeting of the joint assessment coordinating group (JACG)
៤) The 9th meeting of the joint sectoral committee on Asean MRA for bioequivalence study reports of generic medicinal products (MRA on BE)
៥) កិច្ចប្រជុំក្រុមការងារបច្ចេកទេសឱសថអាស៊ានលើកទី៤២ និងកិច្ចប្រជុំពាក់ព័ន្ធ (The 42nd Meeting of the Pharmaceutical Product Working Group: PPWG and Its Related Meetings)។